ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រកាសច្រាលចោល ចំពោះការចុះផ្សាយដោយចោទប្រកាន់ថ្នាក់ដឹកនាំមន្ទីរនិងប្រធានជញ្ជីងថ្លឹងរថយន្ត នៅផ្លូវជាតិលេខ៤ គឺស្ថានីយជញ្ជីងអូរចំណារ ស្រុកព្រៃនប់ និងស្ថានីយជញ្ជីងស្ទឹងច្រាល ស្រុកកំពង់សីលាខេត្តព្រះសីហនុ។
តាមរយៈសេចក្តីបំភ្លឺព័ត៌មាន បានលើកឡើងថា ការបង្កើតព័ត៌មានបំពុលសង្គមថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ប្រែក្លាយ ទៅជាស្ថានីយជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត។
ការចុះផ្សាយរបស់ Page ជួយខ្មែរ ដែលបាន ចុះផ្សាយនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ នេះគឺជាការចុះផ្សាយមួលបង្កាច់បំផ្លើសពីការពិតទាំងស្រុង ព្រមទាំងប្រើប្រាស់នូវរូបភាពចាស់ៗ ខុសពីការពិត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមបដិសេធ គឺមិនមានករណីនេះចំពោះការអនុវត្ត ការងារនៅក្នុងស្ថានីយជញ្ជីងអូរចំណារ និងស្ថានីយ ជញ្ជីងស្ទឹងច្រាលទេ ។
ស្ថានីយមិនដែលបានឃុបឃិតយកកម្រៃថវិកាណាមួយពីក្រុមហ៊ុនឬម្ចាស់រថយន្តដឹកទំនិញ ឬពុករលួយ
ក្នុងការមិនចូលថ្លឹងទម្ងន់រថយន្ត នោះឡើយ។
មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទៅ តាមលិខិតបទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារហដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស ។
ស្ថានីយជញ្ជីងថ្លឹងរថយន្តទាំង២ មានស្តង់ដារច្បាស់លាស់ ដែលទទួលស្គាល់ដោយមជ្ឈមណ្ឌល មាត្រាសាស្ត្រជាតិ មានតម្លាភាព និងសុវត្ថិភាពខ្ពស់ ។
សូមបញ្ជាក់ថាមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តទាំង២ បានអនុវត្តការងារដោយគោរពតួនាទី ភារកិច្ច និង បទដ្ឋានគតិយុត្តិជាធរមាន ដើម្បីរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ៕

