ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ចំនួន ៤៤រូប នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ដូចខាងក្រោម៖
១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូរការសិក្សារវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចណានជីង
៤. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CaHengInternational Cultural Tourism Investment Co., Ltd និងក្រុមហ៊ុន Jiangsu Performing Arts Group Co., Ltd
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Tuniu Corp
៦. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Nanjing Niushou Mountain Cultural Tourism Group Co., Ltd៕






