ភ្នំពេញ៖ លោក ជា តុងហ៊ួរ បានអះអាងថា គោលដៅរបស់លោកធំបំផុតនៅក្នុងការសរសេរសៀវភៅផែនទីជីវិតនេះ លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ គាត់អាចទទួលបាននូវគំនិតជាក់ស្តែងនៅក្នុងសង្គម ជៀសវាងពួកគាត់ព្រាវៗមិនច្បាស់លាស់ ធ្វើឱ្យខាតពេលរាប់ឆ្នាំ ហើយពេលខ្លះទៀត បើពួកគាត់ព្រាវខុសកន្លែង គឺខាតទាំងពេល ខាតទាំងលុយកាសរាប់ម៉ឺនរាប់សែនដុល្លារ ជាប់បំណុលនៅធនាគារទៀត។

សៀវភៅផែនទីជីវិត គឺលោក ជា តុងហ៊ួរ បានចាប់ដៃ និងរួមសហការសរសេរ និងផលិតមកជាមួយអ្នកនិពន្ធជើងចាស់របស់កម្ពុជា ១រូប លោក ទឹម ម៉ានី (ស្មេរ) គឺជាអ្នកនិពន្ធជើងចាស់ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងវិស័យតែងនិពន្ធដែលមកដល់ពេលនេះ លោកបានសរសេរសៀវភៅបានចំនួន ៣៤២ចំណងជើងរួចមកហើយ។
លោក ទឹម ម៉ានី និងលោក ជា តុងហ៊ួរ បានសហការសរសេរសៀវភៅផែនទីជីវិតនេះ មានកម្រាស់ដល់ទៅ ៥៩៩ទំព័រ ហើយសៀវភៅនេះ បង្ហាញ និងបរិយាយពីចំណេះដឹងពិតជាក់ស្តែង និងបទពិសោធជីវិតពិតរបស់ឧកញ៉ា ជា តុងហ៊ួរ នៅក្នុងពិភពជំនួញ និងនៅក្នុងសង្គមជាក់ស្តែងដែលលោកបានឆ្លងកាត់ប្រមាណជាង ១៥ឆ្នាំ។ សៀវភៅនេះ ក៏បកអាក្រាតផងដែរពីទម្រង់នៃការឆបោកជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំង ការចាញ់បោកទៅលើជំនឿអរូបីផ្សេងៗ។

លោក ជា តុងហ៊ួរ បានអះអាងថា គោលដៅរបស់លោកធំបំផុតនៅក្នុងការសរសេរសៀវភៅផែនទីជីវិតនេះ លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ គាត់អាចទទួលបាននូវគំនិតជាក់ស្តែងនៅក្នុងសង្គម ជៀសវាងពួកគាត់ព្រាវៗមិនច្បាស់លាស់ ធ្វើឱ្យខាតពេលរាប់ឆ្នាំ ហើយពេលខ្លះទៀត បើពួកគាត់ព្រាវខុសកន្លែង គឺខាតទាំងពេល ខាតទាំងលុយកាសរាប់ម៉ឺនរាប់សែនដុល្លារ ជាប់បំណុលនៅធនាគារទៀត។ ដូច្នេះ សៀវភៅនេះ នឹងបង្ហាញដល់ពួកគាត់គ្រប់បែបយ៉ាង រួមទាំងការជឿជំនឿខុសឆ្គង ដូចជា គ្រូហុងស៊ុយ គ្រូចូលរូប គ្រូមន្តអាគម ឥសី តាបស អារុកអារក្ខអ្នកតាជាដើម។ បើតាមឧកញ៉ា ជា តុងហ៊ួរ អ្វីដែលលោកលើកឡើងនៅក្នុងសៀវភៅផែនទីជីវិត គឺសុទ្ធសឹងតែជារឿងរ៉ាវពិតជាក់ស្តែងដែលលោកបានឆ្លងកាត់ ក៏ដូចជា រឿងរ៉ាវពាក់ព័ន្ធនឹងជំនឿដែលលោកធ្លាប់បានចាញ់បោកគេកន្លងមក។

ម្យ៉ាងវិញទៀត សៀវភៅផែនទីជីវិត ក៏និយាយផងដែរពីកលល្បិចនៃការបោកប្រាស់នៅក្នុងជំនួញក្រោមរូបភាពផ្សេងៗ ដូចជា រូបភាពវិនិយោគចំណេញប្រាក់ច្រើន ដាក់លុយបានលុយ ការធ្វើតំណាងចែកចាយផលិតផល ក៏ដូចជា ទីផ្សារបណ្តាញដែលសុទ្ធតែជាល្បិចកលដែលប្រជាពលរដ្ឋខ្មែរតែងតែជួបប្រទះ និងចាញ់បោក។

លោក ជា តុងហ៊ួរ បានបញ្ជាក់ថា ល្បិចកលទាំងអស់នេះ គឺមានការបកអាក្រាត និងបកស្រាយបង្ហាញនៅក្នុងសៀវភៅផែនទីជីវិត ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរចាញ់បោកគេតទៅទៀត។ លើសពីនេះ សៀវភៅផែនទីជីវិត ក៏មានបង្ហាញពីរបៀបនៃការចាប់ផ្តើមរកស៊ី រកស៊ីបែបណាទើបទទួលបានផល ទើបទទួលបានជោគជ័យ និងបង្ហាញពីរបៀបនៃការដាក់ទុនវិនិយោគដែលត្រឹមត្រូវ និងមិនចាញ់បោកគេថែមទៀតផង។

ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានគូសបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឃើញប្រជាពលរដ្ឋយើងដើរលើផ្លូវត្រូវ ចង់ឃើញពួកគាត់ជោគជ័យ មិនចង់ឃើញឡើយពួកគាត់ចាញ់បោកគេ លង់ខ្លួន អស់លុយអស់កាស រហូតជាប់បំណុលនៅធនាគារទៀត។ អ្វីដែលលោកបានឆ្លងកាត់ អ្វីដែលលោកធ្លាប់បានចាញ់បោកគេ លោកមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរយើងដើរតាមគន្លងរបស់លោកឡើយ ដូច្នេះហើយទើបលោកខិតខំសរសេរចេញជាសៀវភៅផែនទីជីវិតនេះឡើង៕
