កំពង់ធំ ៖ លោក ហាក់ ម៉ុងហួត អភិបាល ស្រុកតាំងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំអាជ្ញាធរឃុំ និងក្រុមការងារ ចុះពិនិត្យមើលស្ថានភាពស្រូវ របស់ប្រជាកសិករនៅឃុំពង្រ ឃុំទ្រៀល ឃុំស្រឡៅ ស្រុកតាំងគោក ដែលកំពុងត្រូវការទឹកស្រោចស្រព ប្រមាណ ១.២១៦ហិកតា រងចាំទឹកភ្លៀងត្បិតមិនមានប្រភពស្រោចស្រព។

នាឱកាសចុះត្រួតពិនិត្យនោះ លោក ហាក់ ម៉ុងហួត បានជំរុញដល់ មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះ សិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យ មើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកប្រភេទ IR សែនក្រអូប OM ដែលត្រូវការទឹកស្រោចស្រព ចំនួនប្រមាណ ១.២១៦ហិកតា (រងចាំទឹកភ្លៀង ត្បិតមិនមានប្រភពស្រោចស្រព) នៅឃុំទ្រៀល និងឃុំស្រឡៅ ។ កង្វះទឹកទាំងនេះបានធ្វើឱ្យ បង្អាក់ការលូតលាស់របស់ដំណាំស្រូវ និងបន្ថយទិន្នផលដំណាំស្រូវ ក្នុងនោះស្រូវដែល បានបែកហេីយមានចំនួន ១១៦ហិកតា (ថែមប្រឈមនឹងសត្វកណ្ដុរកាត់ទៀត) ស្រូវដែលមានអាយុ ១ខែឡើងមានចំនួន ១.១០០ហិកតា ៕ ដោយសំនៀង

