ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញ សំណេះ សំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយក្រុមភ្ញៀវទេសចរចិនដំបូង ក្នុងចំណោមអ្នកទេសចរចិនជាង ១.០០០នាក់ ដែលអញ្ជើញមកទស្សនា នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលរៀបចំដោយ China Tourism Group ដើម្បីស្តាប់ពីចំណាប់អារម្មណ៍ និងសំណូមពរនានា របស់អ្នកទេសចរចិន បន្ទាប់ពីបានទស្សនា និងឈ្វេងយល់ពីសក្តានុពល ទេសចរណ៍កម្ពុជា ។

ក្នុងឱកាសនោះ ភ្ញៀវទេសចរចិន ដែលអញ្ជើញមកទស្សនាកម្ពុជា នាឱកាសបើកកម្មវិធី “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” រៀបចំដោយ China Tourism Group (CTG) បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋាកិច្ចប្រកបដោយភាពរួសរាយ រាក់ទាក់ និងស្នាមញញឹមកម្ពុជា (Kingdom of Wonder: Feel the Warmth) ។

ដោយឡែកពិធីសំណេះសំណាលនេះ ធ្វើឡើងក៏ដើម្បីស្តាប់មតិយោបល់ត្រឡប់មកវិញ ពីសំណាក់អ្នកទេសចរចិន ជុំវិញគុណភាពសេវាកម្ម ដែលផ្តល់ដោយប្រតិបត្តិករទេសចរណ៍កម្ពុជា សម្រាប់កែលម្អ និងពង្រឹងគុណភាពសេវាកម្ម ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដែលជាការត្រៀមលក្ខណសម្បត្តិ ឱ្យបានគ្រប់គ្រាន់ទទួលទេសចរជើងទី២ និងបន្តបន្ទាប់ទៀត ដែលក្រុមហ៊ុនគ្រោងនឹងរៀបចំមក។

សូមរំលឹកថា កញ្ចប់ទស្សនកិច្ច ទេសចរណ៍មកកាន់កម្ពុជា ដែលមានទំហំដ៏ធំ និងដ៏សំខាន់នេះ គឺជាលទ្ធផលជា ផ្លែផ្កាកើតចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសាកន្លងទៅ ដែលបានបន្ថែមសន្ទុះថ្មី ដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ រួមទាំងពីអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ ទស្សនកិច្ចទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាល CTG កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចការងាររបស់ លោករដ្ឋមន្រ្តី នៅទីស្នាក់ការក្រុមហ៊ុននៅតំបន់រដ្ឋបាល ពិសេសហុងកុង៕




