ព័ត៌មានអន្តរជាតិ

ការតម្លើងពន្ធថ្មីរបស់អាមេរិក នឹងអាចវាយប្រហារសេដ្ឋកិច្ចអាល្លឺម៉ង់ ឲ្យខាតបង់យ៉ាងហោចណាស់ ២០០ពាន់លានអឺរ៉ូ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកបានប្តេជ្ញាថា នឹងដាក់ពន្ធ៥០ភាគរយ លើការនាំចូលទាំងឡាយពីប្លុកអឺរ៉ុប EU ក្នុងគ្រាដែលការជាប់គាំងការចរចា ពាណិជ្ជកម្មនៅបន្តកើតឡើងនៅឡើយ។

យោងតាមរបាយការណ៍ របស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ឬ IW បានឱ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់អាចបាត់បង់រហូតដល់ ២០០ពាន់លានអឺរ៉ូ នៅចុងឆ្នាំ២០២៨ ប្រសិនបើពន្ធ៥០ភាគរយ នៅតែមានសុពលភាពរហូតដល់ចុងបញ្ចប់ នៃអាណត្តិរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមរបាយការណ៍ របស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់អាល្លឺម៉ង់ ជាមួយនឹងការផ្លាស់ប្តូរទំនិញសរុបដែលមានតម្លៃ ២៥៣ពាន់លានអឺរ៉ូឬប្រមាណជា ២៨៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នេះបើយោងតាមទិន្នន័យផ្លូវការ។

ក្នុងនោះប្រមាណជា ១៧,៧ពាន់លានអឺរ៉ូ នៃអតិរេកការនាំចេញរបស់អាល្លឺម៉ង់ ក្នុងពាណិជ្ជកម្មទំនិញជាមួយសហរដ្ឋអាមេរិក គឺខ្ពស់បំផុតក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ។

របាយការណ៍ដដែលរបស់ IW បាននិយាយថា ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ទិន្នផលសេដ្ឋកិច្ចអាល្លឺម៉ង់ជាមធ្យមនឹងមាន ១,១ភាគរយ ទាបជាងការមិនមានការដំឡើងពន្ធ។ ប្រសិនបើសហភាពអឺរ៉ុប សងសឹកជាមួយនឹងវិធានការតបតស្រដៀងគ្នា ការខូចខាតសរុបអាចកើនឡើងដល់ ២៥០ពាន់លានអឺរ៉ូនៅឆ្នាំ២០២៨ ៕

ប្រែសម្រួល ៖ ស៊ុន លី

To Top