ព័ត៌មានជាតិ

ខេត្តកំពត ជាខេត្តទី២១ ទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុង ពីធីប្រកាសទទួល ស្គាល់ជាផ្លូវការ ខេត្តកំពតជាខេត្តទី២១ ទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

នាឱកាសនោះដែរ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា នៅខេត្តកំពត ចែកចេញជា ៩ ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុប ៧០៩ ៣៧៥នាក់ ស្មើនឹង ១៦៥ ៩៨៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្មើនឹង ១០០% ដែលខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន មានចំនួន ១៤៩ ៤៥៨ខ្នងផ្ទះ ស្មើនឹង ៩៤,៣៧%, ខ្នងផ្ទះប្រើបង្គន់អនាម័យរួម មានចំនួន ៨ ៩១១ខ្នងផ្ទះ ស្មើនឹង ៥,៦៣%ដែលធ្វើឱ្យស្ថានភាពក្រុង ស្រុក, ឃុំ សង្កាត់ និងភូមិ សម្រេចបានការបញ្ចប់ការបន្ទោបង់ ពាលវាលពាលកាលនៅទូទាំងខេត្ត។

លោករដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋ បានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ។

លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីអំពីកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់របស់ក្រសួងក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និង អនាម័យជនបទ លោករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្ត អនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេច បានអត្រាគ្របដណ្តប់ទឹកស្អាត និង អនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្រប ដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ៕

To Top