ភ្នំពេញ៖ ក្រសួងទេសចរណ៍ រួមសហការជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ “ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ដែលមានរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។
ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ធីសូត្រមន្ត) ២. កម្មវិធីអុំទូកកៃយ៉ាក ៣. ៣. ការតាំង ពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ៤. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម) ៥. ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ ៦. ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) ៧. ទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។
ឆ្លៀតក្នុងឱកាសនេះដែរល ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសរួមគ្នាជំរុញផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នារដូវកាលបៃតង (Green season) ស្របតាមយុទ្ធនាការ ផ្សព្វផ្សាយ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”ផងដែរ៕
