ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនចោរឆក់ ម្នាក់ ទៅតុលាការ!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។

-ឈ្មោះ សារ ឡុក ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០:៣០នាទី នៅចំណុច គល់ស្ពានលូទឹកស្អុយ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ម៉ាក Iphone 11 Pro Max ពណ៍ទឹកមាស ពីប្រជាពលរដ្ឋជាស្រ្តី កំពុងជិះម៉ូតូធ្វើដំណើរម្នាក់ឯង បានសម្រេច ភ្លាមនោះ ជនរងគ្រោះ ស្រែកចោរៗ លឺដល់សមត្ថកិច្ចអាវុធហត្ថ ដែលកំពុងល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានស្ទាក់ឃាត់ខ្លួនតែម្តង ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ច អាវុធហត្ថឲ្យដឹងថា រូបគេ ពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីស្រ្តីជនរងគ្រោះ ខាងលើ ពិតប្រាកដមែន។ ក្នុងពេលធ្វើសកម្មភាព រូបគេជិះម៉ូតូ ០១គ្រឿងម៉ាក ស៊ុយស៊ុយគីនិច ពណ៍សលាយខៀវ គ្មានស្លាកលេខ ចេញពីកន្លែងហូបអាហារ នៅម្តុំសន្ធរមុខ ក្នុងគោលបំណងត្រលប់ទៅផ្ទះ លុះពេលជិះដល់ចំណុច ខាងលើ ក៏ឃើញស្រី្តម្នាក់ ជិះម៉ូតូម្នាក់ឯង និងមានទូរស័ព្ទនៅក្នងហោប៉ៅខោ ងាយស្រួលឆក់ ភ្លាមនោះរូបគេ បានជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីហោប៉ៅរបស់ជនរងគ្រោះ បានសម្រេច ហើយជនរងគ្រោះ បានស្រែកចោរៗ នឹងជាសំណាងមិនល្អស្របពេលកម្លាំងអាវុធហត្ថល្បាតឃើញឃាត់ខ្លួនតែម្តង ៕

To Top