ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី ថ្កោលទោសអ៊ីស្រាអែល ចំពោះការកំណត់ការផ្គត់ផ្គង់ដល់តំបន់ហ្គាហ្សា

Xinhua
" "

កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី បានថ្កោលទោសការកម្រិតជំនួយរបស់អ៊ីស្រាអែល ចំពោះតំបន់ហ្គាហ្សាថា “មិនអាចទទួលយកបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក អាល់បានី បានពណ៌នាការរាំងខ្ទប់អាហារ និងការផ្គត់ផ្គង់ដល់ប្រជាជន ដែលត្រូវការ នៅតំបន់ហ្គាហ្សាថាជាការគួរឲ្យខឹងសម្បារ ហើយបាននិយាយថា លោកបានបង្ហាញពីជំហររបស់ប្រទេសអូស្ត្រាលី ដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល។ លោក បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា “យើងរកឃើញលេស និងការពន្យល់របស់អ៊ីស្រាអែល មិនអាចទទួលយកបាន និងគ្មានភាពជឿជាក់”។

" "

លោកបានលើកឡើងថា “ប្រជាជនកំពុងស្រេកឃ្លាន។ គំនិតដែលថារដ្ឋប្រជាធិបតេយ្យរារាំងការផ្គត់ផ្គង់ គឺជាការគួរឲ្យខឹងសម្បារ។ នោះគឺជាជំហរច្បាស់លាស់របស់ខ្ញុំ”។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong កាលពីដើមខែឧសភា បានចូលរួមជាមួយសមភាគីមកពីប្រទេសចំនួន ២២ ផ្សេងទៀត រួមទាំងអាល្លឺម៉ង់ បារាំង និងអង់គ្លេស ក្នុងការអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យមានការផ្តល់ជំនួយឡើងវិញពេញលេញភ្លាមៗទៅកាន់តំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យអង្គការអង្គការសហប្រជាជាតិជួយសង្គ្រោះជីវិត និងកាត់បន្ថយការឈឺចាប់។

" "

សាខាអូស្ត្រាលីនៃអង្គការសប្បុរសធម៌អន្តរជាតិ Oxfam នៅថ្ងៃចន្ទបានចេញផ្សាយលទ្ធផលនៃការស្ទង់មតិដែលបានរកឃើញថា ៨២ ភាគរយនៃប្រជាជនអូស្ត្រាលីជឿថាការរារាំងដោយចេតនារបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្គាហ្សា “មិនអាចសមហេតុផលនោះទេ” ។ ការស្ទង់មតិបានរកឃើញថា ៦៧ ភាគរយនៃប្រជាជនអូស្ត្រាលីជឿថារដ្ឋាភិបាលសហព័ន្ធគួរតែធ្វើបន្ថែមទៀតដើម្បីគាំទ្រជនស៊ីវិលនៅតំបន់ហ្គាហ្សាឱ្យទទួលបានអាហារ ទឹក និងថ្នាំពេទ្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top