ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញ និងបេសកកម្ម របស់នគរបាលយុត្តិធម៌ ជូនដល់អធិការការងារ»

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញ និងបេសកកម្ម របស់នគរបាលយុត្តិធម៌ ជូនដល់អធិការការងារ» នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោក​ អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីអធិការការងារ នៅថ្នាក់កណ្តាល និងថ្នាក់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្តទាំង ២៥ សរុប ១៤០នាក់។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោករដ្ឋលេខាធិការ អ៉ិន ខេមរា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំទ្បើង សម្រាប់អធិការការងារ ដែលទទួលបាននីតិសម្បទាជា នគរបាលយុត្តិធម៌ និងបានបំពេញនីតិវិធីសម្បថរួចរាល់នាពេលកន្លងមកនេះ ឱ្យយល់កាន់តែច្បាស់អំពីគោល ការណ៍គ្រឹះ នៃក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ និងតួនាទី របស់នគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតក្នុងរឿងព្រហ្មទណ្ឌ និងបែបបទរដ្ឋបាល ក្នុងការបំពេញ មុខងារជានគរបាលយុត្តិធម៌ ក្នុងគោលបំណងដើម្បីបំពេញមុខងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនទំនុកចិត្ត និងការជឿជាក់។

លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រី ហេង សួរ ដើម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះមុំទី១ កំណត់អំពីការអភិវឌ្ឍទីផ្សារការងារ ដែលផ្តោតអាទិភាពលើការពង្រឹង អនុលោមភាព ការបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ការធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារ ការជំរុញនិងការពង្រឹងយន្តការ អធិការកិច្ចអន្តរស្ថាប័ន។

លោករដ្ឋលេខាធិការ អ៉ិន ខេមរា ក៏បានស្នើដល់សិក្ខាកាម ដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះ ឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ជាអធិការការងារប្រកប ដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ ណែនាំស្តីពីអធិការកិច្ចការងារ ដែលជាគោលការណ៍គ្រឹះ សម្រាប់អធិការការងារ និងត្រូវបន្តអភិវឌ្ឍ សមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ៕

To Top