ភ្នំពេញ៖ ក្នុងជំនួបជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី Nellie GUSAYNI ប្រធានបេសកកម្ម នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានថ្លែងថា បញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ ហើយមិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជរដ្ឋាភិបាល នៃប្រទេសមួយនោះឡើយ។

នាឱកាសនោះដែរ លោកស្រី Nellie GUSAYNI បានលើកឡើងថា ក្នុងនាមជាជនជាតិលីបង់ម្នាក់ លោកស្រី ដឹង និងយល់អំពីទុក្ខលំបាករបស់ប្រទេសដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើនដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ ហើយលោកស្រីបានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងមក។


លោកស្រីទទួលស្គាល់ថា «បញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ និងថាបញ្ហានេះ មិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជ ឬរដ្ឋាភិបាលនៃប្រទេសមួយនោះឡើយ គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស»។

ក្នុងឱកាសនោះដែរ លោកស្រី Nellie GUSAYNI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។ លោកស្រី ក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។


លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធានបេសកកម្ម និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ IOM ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា រហូតទទួលស្គាល់ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជាធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត៕
