កោះបាលី-ប្រទេសឥណ្ឌូនេស៊ី៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក បាន លឹម អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក លើកទី៧៨ (78th Executive Committee Meeting of APRACA) ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ រួមមាន កិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងពិនិត្យមើលសមិទ្ធិផលការងារសំខាន់ៗរបស់មជ្ឈមណ្ឌលឧត្តមភាពជាដើម។

កិច្ចប្រជុំដ៏សំខាន់នេះ គឺជាវេទិកាសម្រាប់សមាជិកគណៈកម្មការប្រតិបត្តិ ក្នុងការពិភាក្សាពីផែនការយុទ្ធសាស្រ្តរបស់សមាគម APRACA សម្រាប់ឆ្នាំ២០២៥-២០៣០ និងផែនការសកម្មភាពសំខាន់ៗដទៃទៀត ដែលផ្តោតសំខាន់លើការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង បរិយាប័ន្នឌីជីថល និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។


