ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួម ពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ការថ្លែងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការ លើជំនាញស្ប៉ា និងសុខុមាលភាព របស់សមាគមតន្ត្រីសំនៀងជនពិការ នៅព្រឹកដ៏សែនមនោរម្យ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងពិធីខាងលើនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការបណ្តុះបណ្តាលនេះ គឺបានជួយសម្របសម្រួល ជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ ។




ក្នុងនោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល និងការរៀបចំឱ្យមានតន្ត្រីសម្បុរសធម៌ជនពិការជាដើម ដោយពិធីនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងលោកស្រីញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្ត្រីសំនៀងជនពិការ និងលោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិកា ព្រមទាំងតំណាងគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងសមាគមទេសចរណ៍កម្ពុជា,សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមស្ប៉ា និងម៉ាស្សាសុខភាព, សមាគមសណ្ឋាគារកម្ពុជា, អង្គការនិងដៃគូអភិវឌ្ឍន៍, តំណាងមកពីគ្រឹះស្ថានសិក្សានានា រួមទាំង សិក្ខាកាម ចំនួន ៥០០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ រាជធានីភ្នំពេញ។


បន្ថែមលើនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវិស័យទេសចរណ៍ ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួម ពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)» និងជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងសមត្ថភាពបុគ្គលិក ដែលបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ជាពិសេសបងប្អូន ដែលជាជនមានពិការភាពភ្នែក ឱ្យទទួលបាននូវការពង្រឹងសមត្ថភាពបន្ថែម លើចំណេះដឹងថ្មីៗ និន្នាការទេសចរណ៍ បដិសណ្ឋារកិច្ច ជំនាញស្ប៉ា ជំនាញកាយវិភាគវិទ្យា និងសរីរៈវិទ្យាផងដែរ៕








