បរទេស៖ អាជ្ញាធរ បាននិយាយថា អ្នកទោស ៣នាក់ទៀតក្នុងចំណោមអ្នកទោស ១០ នាក់ដែលបានរត់គេចពីគុក New Orleans នៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ ត្រូវបានចាប់ខ្លួនជាថ្មីមកវិញ កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋពីរផ្សេងគ្នា បន្ទាប់ពីបានរត់គេចរយៈពេលជាងមួយសប្តាហ៍។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសម្នាក់ត្រូវបាន ចាប់ខ្លួននៅទីក្រុង Baton Rouge រដ្ឋ Louisiana ដោយប៉ូលីសក្នុងតំបន់ និងពីរនាក់ទៀតត្រូវបានចាប់ខ្លួននៅ Walker County រដ្ឋ Texas ដោយមន្ត្រីនៅទីនោះ, នេះបើតាម ប៉ូលីសរដ្ឋ Louisiana បានបង្ហោះនៅលើវេទិកា X ។
ប៉ូលីសរដ្ឋបាននិយាយថា អ្នកទោសពីរនាក់ទៀត នៅតែរត់គេចខ្លួន។ មិនមានព័ត៌មានលម្អិតផ្សេងទៀតត្រូវបានបញ្ចេញភ្លាមៗអំពីការចាប់ខ្លួនកាលពីថ្ងៃចន្ទទេ។
អាជ្ញាធរបានកំពុងតាមដានតំបន់ New Orleans សម្រាប់អ្នកគេចខ្លួនទាំងនោះ បន្ទាប់ពីពួកគេបានហែកគុកកាលពីថ្ងៃទី ១៦ ខែឧសភា។ បុរសទាំងនោះបានកន្រ្តាក់ទ្វារបន្ទប់ដែលខូច នៅក្នុងគុកមួយ ដោយប្រជ្រៀតចូលតាមរន្ធដែលនៅពីក្រោយបង្គន់ កាត់របងលួសបន្លា ហើយរត់ចូលទៅក្នុងទីងងឹត។
អវត្តមានរបស់អ្នកទោសមិនត្រូវបានគេរកឃើញទេ រហូតដល់ព្រឹក ។ អ្នកទាំងនោះ ដើមឡើយនៅក្នុងគុក New Orleans រង់ចាំការកាត់ទោស ឬការកាត់ទោសពីបទឧក្រិដ្ឋកម្មហឹង្សា រួមទាំងឃាតកម្មផងដែរ។
ក្រោយពេលរត់គេចខ្លួន បុគ្គលិកពន្ធនាគារម្នាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ ពីបទបិទទឹកបង្គន់ អាជ្ញាធរបាននិយាយថា បុគ្គលិករូបនោះបានជួយ អ្នកទោសទាំងនោះចេញ ។ បុគ្គលិករូបនេះបាននិយាយថា គាត់ត្រូវបានអ្នកទោសម្នាក់គំរាមកំហែងប្រសិនបើគាត់មិនព្រមធ្វើដូច្នេះ៕
ប្រែប្រួលៈ ណៃ តុលា
