Covid-19

អាមេរិក សន្យាផ្តល់ជំនួយ១,៥ លានដុល្លា ដល់កម្ពុជាសម្រាប់ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានប្រកាស សន្យាថានឹងផ្តល់ថវិកាចំនួន ១,៥ លានដុល្លាបន្ថែមទៀត សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ការប្រកាសបែបនេះ ធ្វើឡើងនៅក្នុង ពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ សរុបប្រមាណ៣,៥៤៦,៨០០ដុល្លារត្រូវបានផ្ដល់ជូនតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ អន្ដរជាតិសហរដ្ឋអាមេរិក (USAID) ដល់អង្គការដៃគូរបស់ USAID សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖ WHO, FHI360, UNICEF and Save the Children ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ក្នុងឱកាសនេះផងដែរ លោក W. Patrick Murphy ឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា លោករីករាយណាស់ ដែលបានចូលរួមចំណែកឆ្លើយ តបជាមួយកម្ពុជា ចំពោះជំងឺកូវីដ១៩នេះ ហើយនឹងបន្ដកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ ដ៏យូរអង្វែងនេះបន្ថែមទៀត លើផ្នែកសុខាភិបាល។

លោកទូត បានថ្លែងបញ្ជាក់ថា «សូមអបអរសាទរជាមួយកម្ពុជា ក្នុងការទទួលបានជោគជ័យ ជាច្រើនកន្លងមកនេះ ហើយយើងនៅតែបន្ដ សហការជាមួយគ្នាតទៅមុខទៀត ។លើសពីនោះ ក៏សូមសរសើរដល់ប្រជាជនកម្ពុជា ដែលបានចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ជាពិសេស ការមិនធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងមិនមានការប្រារព្ធកម្មវិធី ដែលមានការប្រជុំជនគ្នាច្រើន និងការរក្សាគម្លាតពីគ្នា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល»។

ជាងនេះទៅទៀត លោក Murphy ក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខ និងមន្ដ្រីសុខាភិបាលកម្ពុជាទាំងអស់ ដែលបានប្រយុទ្ធនឹងជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។

ជាការឆ្លើយតប លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លានេះ ដែលបញ្ជាក់ពីចំណងសាមគ្គីភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការកម្ពុជា-សហរដ្ឋអាមេរិក ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស ជាពិសេស គឺការរំលឹកខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

ដោយ៖ បាន ធារ៉ូ

To Top