ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែង​ រកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។

ការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ធ្វើឡើងក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

ក្នុងឱកាសនៃជំនួប, លោកប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដ៍ល្អប្រសេីរ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពី បំណងពង្រឹង និងពង្រីក ទំនាក់ទំនងផ្នែកពាណិជ្ជកម្មបន្ថែមទៀត ។

សម្ដេចបវរធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន កាលពីដើមឆ្នាំ២០២៥ នេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះភាពរីកចម្រេីន នៃទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបានស្វាគមន៍ ចំពោះការបន្តស្វែង រកកាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ ។

សម្ដេចបវរធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍៖ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិត លើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញ ជាសកម្មភាពជាក់ស្ដែង៕

To Top