ភ្នំពេញ៖ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ មានបន្ទូលថា អូម៉ង់-កម្ពុជា មានជំហរស្រដៀងគ្នា លើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី ។

បន្ទូលរបស់ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ នៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា និងអូម៉ង់ មានសក្ដានុពលច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត។ ខណៈដែលក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងខិតខំស្វែងរកឱកាស និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ក្នុងជំរុញទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែម ពីតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអូម៉ង់។

ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានសម្តែងនូវសេចក្តីសោមន្សរីករាយេះដែលបានជួបជាមួយសម្ដេចធិបតី ដោយព្រះអង្គម្ចាស់ បានមានបន្ទូលថា កម្ពុជា ជាប្រទេសដែលមានលក្ខណៈល្អប្រសើរ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអូម៉ង់ ក៏ដូចជាបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។ អូម៉ង់-កម្ពុជា មានជំហរស្រដៀងគ្នា លើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី។

ព្រះអង្គម្ចាស់ ក៏បានមានបន្ទូលបន្ថែមថា ស្របពេលដែលបណ្ដាប្រទេស នៅតំបន់ឈូងសមុទ្រពែក្ស កំពុងផ្តោតមកទិសខាងកើត កម្ពុជា និងអូម៉ង់ នឹងមានឱកាសក្នុងការពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
ក្នុងឱកាសនោះ សម្តេចធិបតី និងព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said បានឯកភាពជំរុញ ក្រសួង-ស្ថាន័បពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យសក្កានុពលសំខាន់ៗ រួមមាន ពាណិជ្ជកម្ម កសិកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ៕
