ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាបព្រោះផ្នត់គំនិតស្អាតដល់កុមារ និងយុវជន

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ។

ក្នុងពិធីនេះ សិស្សានុសិស្សជាង ៥០០ នាក់បានទទួលសារអប់រំក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធាន មនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។

លោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កុមារ គឺជាអនាគតដ៏រឹងមាំរបស់ជាតិ ដែលតម្រូវឱ្យខិតខំរៀនសូត្រដើម្បីក្លាយជាអ្នកចេះដឹង និងអ្នកជំនាញ។ លោក ក៏បានរំលឹកពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានចេញសារាចរណែនាំឱ្យស្ថាប័នពាក់ព័ន្ធបង្កបរិយាកាសរីករាយ និងលើកកម្ពស់សិទ្ធិមូលដ្ឋាន របស់កុមារស្របតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ។

ក្រៅពីការផ្តល់សារអប់រំអំពីភាពស្អាត និងភាពបៃតងប្រកបដោយចីរភាព លោករដ្ឋមន្ត្រី រួមជាមួយលោកអភិបាលខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានចូលរួមដាំដើមឈើជាច្រើនដើម នៅក្នុងបរិវេណសាលា ដើម្បីបង្ហាញគំរូដល់យុទ្ធនាការ «ពន្លកបៃតងកម្ពុជា ប្រកបដោយចីរភាព»។ ក្នុងឱកាសនោះ សិស្សានុសិស្សប្រមាណជាង ៥០០នាក់ ក៏ទទួលបានសម្ភារៈសិក្សា អង្ករ ៥ គីឡូក្រាម និងសម្ភារៈកីឡាពីអង្គការមូនិធិសប្បុរសធម៌ oneroad ផងដែរ ៕

To Top