បរទេស៖ កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីនៅទីក្រុងគៀវថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសុខចិត្តលក់ប្រព័ន្ធការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Vladimir Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន បានទទូចកាន់តែខ្លាំងឡើងដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់នូវប្រព័ន្ធមីស៊ីល Patriot និងគ្រឿងបន្ថែមទៀតនៅក្នុងប៉ុន្មានខែថ្មីៗនេះ ចំពេលស្តុកធ្លាក់ចុះ។
កាសែត Washington Post បានសរសេរកាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ថា ក្រុងគៀវជឿជាក់ថា រដ្ឋបាលអាមេរិកបច្ចុប្បន្ន “នឹងមិនផ្តល់ឱ្យខ្លួនដោយមិនគិតថ្លៃនោះទេ” ប៉ុន្តែនឹងត្រៀមខ្លួនជាស្រេចដើម្បីលក់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវដែលមានតម្លៃរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
សារព័ត៌មាន បានដកស្រង់សម្តីមន្រ្តីរូបនោះដែលបាននិយាយថា “ពួកគេគិតដូចអ្នកជំនួញ។ ប្រសិនបើខ្ញុំផ្តល់ឱ្យអ្នកនូវអ្វីមួយ អ្នកត្រូវតែផ្តល់ឱ្យខ្ញុំនូវអ្វីមួយជាថ្នូរ” ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សមាជិកសភានៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាកាលពីសប្តាហ៍មុនថា ក្រុងគៀវ ភាគច្រើនបានស្នើសុំប្រព័ន្ធការពារដែនអាកាស និងមីស៊ីលជាជំនួយយោធាពីរដ្ឋបាល លោក ត្រាំ “ដែលនិយាយដោយត្រង់ទៅ យើងមិនមាននោះទេ” ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									