ភ្នំពេញ៖ លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) ដែលជាក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍ ទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង ការស្វែងរកឱកាស បណ្ដាក់ទុនវិនិយោគ នៅកម្ពុជា។

ការលេីកឡេីងរបស់លោកប្រធានក្រុមហ៊ុន BZI រូបនេះ ធ្វេីឡេីង ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Dato’ Sri Dr. Shamir Kumar Nandy ចូលជួបសម្ដែងការគួរសម នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

ក្នុងឱកាសនេះ លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន BZI បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន មានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។


បន្ថែមលេីនេះ លោក ប្រធានក្រុមហ៊ុន បានលើកឡើងថា អាស្រ័យលក្ខណៈអំណោយផល នៃបរិស្ថានវិនិយោគរបស់កម្ពុជា ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ ក្នុង ការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា។


ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានា ដើម្បីគាំទ្រការវិនិយោគ និងដើម្បីធានាបរិយាកាសវិនិយោគមួយដែលអំណោយផល ដល់វិនិយោគិន តាមរយៈការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធ ដែលមានភាពបត់បែន ជាក់ស្ដែង និងប្រាកដនិយម។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវិស័យសក្ដានុពល ដែលក្រុមហ៊ុន អាចពិនិត្យលទ្ធភាពវិនិយោគដោយសម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យភ្ជាប់ទំនាក់ទំនង ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕
