ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់សមាគមកម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកនៅកម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន។

ការលើកទឹកចិត្តរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាស សម្ដេច អញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប លោកប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី អំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។
លោកប្រធានសមាគម បានបន្តទៀតថា ក្នុងឆ្នាំ២០២៥ នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ, លោកប្រធានសមាគមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់, សម្របសម្រួល និង គាំទ្រសកម្មភាពការងាររបស់សមាគម, ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម, ដៃគូ និង ភាគីពាក់ព័ន្ធនានានៅកម្ពុជា។

លោកប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន ៣ របស់សមាគម រួមមាន៖ ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង ៣. ការជំរុញការវិនិយោគលើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ជាថ្មីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់, ជាពិសេស ការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស និង ប្រទេសជប៉ុន។

ចំពោះការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់សមាគមឱ្យពិនិត្យលទ្ធភាពក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែក នៅកម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការគាំទ្រចំពោះការដំណើរការ ESEZ នេះ។
សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់សមាគមឱ្យបន្តពិភាក្សាបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការរៀបចំ ESEZ នេះ៕
