ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានសម្តែងការ មិនពេញចិត្តជាខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសុន្ទរកថាអវិជ្ជមានទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth នៅក្នុងកិច្ចប្រជុំលើកទី ២២ នៃកិច្ចសន្ទនា Shangri-La ។
លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការលើកឡើងរបស់រដ្ឋមន្ត្រី ការពារជាតិអាមេរិក គឺពោរពេញទៅដោយតក្កវិជ្ជា អនុត្តរភាពដែលចាក់ឫសយ៉ាងជ្រៅ ឥរិយាបថសម្លុត និងចិត្តគំនិតសង្រ្គាមត្រជាក់ ហើយជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងផលប្រយោជន៍ របស់ប្រទេសចិន ក៏ដូចជាការបំភ្លៃគោលនយោបាយ និងសំណើរបស់ចិនផងដែរ ។
លោកបានឲ្យដឹងថា សុន្ទរកថា នេះក៏មិនយកចិត្តទុកដាក់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសក្នុងតំបន់ដើម្បីការពារវិបុលភាព និងស្ថិរភាព និងដំណើរការប្រឆាំងនឹង សេចក្តីប្រាថ្នារួម របស់ប្រទេសជុំវិញពិភពលោក សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ ។ «យើងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ» ។
អ្នកនាំពាក្យបានបន្ដថា សហរដ្ឋអាមេរិក បានពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងញុះញង់ឱ្យមានភាពតានតឹង។ លោកបានបន្ថែមថា “ការពិតបានបង្ហាញ ឱ្យឃើញម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក ដែលប្រឆាំងនឹងនិន្នាការនៃពេលវេលា និងធ្វើសកម្មភាពដោយចេតនា នឹងធ្វើឱ្យខ្លួនឯងឈឺចាប់” ។
លោកបញ្ជាក់ថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ អ្នកនាំពាក្យរូបនេះបន្ថែមថា សហរដ្ឋអាមេរិក គ្មានសិទ្ធិធ្វើសុន្ទរកថា ដែលមិនទទួលខុសត្រូវអំពីវានោះទេ ដោយព្យាយាមប្រើវាជាឧបករណ៍ ដើម្បីទប់ស្កាត់ប្រទេសចិន។ លោកបានបញ្ជាក់ថា កងទ័ពរំដោះប្រជាជននឹង ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយនឹងបង្អាក់រាល់គម្រោងផ្តាច់ខ្លួន “ឯករាជ្យភាពតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅណាមួយ ។
លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិក ដែលស្វែងរកអស្ថិរភាពនៅសមុទ្រចិនខាងត្បូង ដោយការប្រមូលផ្តុំគ្នាជាមួយអ្នកដទៃ និងបង្កបញ្ហា គឺជា “ការគំរាមកំហែងដ៏ធំបំផុត” ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដោយកត់សម្គាល់ថា ប្រទេសចិនតែងតែជាអ្នកការពារ និងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា យោធាចិននឹងធ្វើការជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីរួមគ្នាប្រឆាំង នឹងអនុត្តរភាព ដែលបង្កអន្តរាយដល់តំបន់ ប្រឆាំងនឹងការដាក់បញ្ចូលជម្លោះភូមិសាស្ត្រនយោបាយចូលទៅក្នុងតំបន់ និងប្រឆាំងនឹងប្រទេស ឬកម្លាំងណាមួយពីការនាំយកសង្រ្គាម និងភាពវឹកវរដល់តំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
