ព័ត៌មានជាតិ

ក្រសួងការងារ​ ណែនាំឲ្យពលករធ្វើការ នៅបរទេស ឬទើបត្រឡប់មកវិញ ត្រូវចេះថែទាំ សុខភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឲ្យពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឬដែលទើបតែត្រឡប់ ចូលមកកម្ពុជាវិញ ត្រូវចេះថែរក្សា ថែទាំសុខភាព ឲ្យបានល្អជានិច្ច ដោយគោរពតាមវិធាននានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញ កាលពីពេលថ្មីៗនេះ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ត្រូវអនុវត្តតាមច្បាប់បញ្ជា បទបញ្ជា និងវិធានការសុខភាពនានា ដែលបានដាក់ចេញដោយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដែលខ្លួនធ្វើការ។ ត្រូវអនុវត្តតាមការណែនាំ ឬសេចក្ដីជូនដំណឹងរបស់ស្ថាន ឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសដែលខ្លួនកំពុងធ្វើការ។ ត្រូវខិតចំបំពេញការងាររបស់ខ្លួន តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ច និងនិយោជករបស់ខ្លួន។ ត្រូវទាក់ទងទៅ ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុលនៃ ព្រះរាជាណាចក្រកម្ពុជា ជាបន្ទាន់ក្នុងករណីមានបញ្ហា។

សេចក្ដីណែនាំឲ្យដឹងទៀតថា សម្រាប់ពលករខ្មែរដែលបាន វិលត្រឡប់មកកម្ពុជាវិញ ត្រូវអនុវត្តតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច នៅតាមច្រកទ្វាព្រំដែនគោក និងអាកាស ដើម្បីអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងចត្តាឡីស័កចំនួន១៤ថ្ងៃ នៅពេលដែលទៅដល់ស្រុកកំណើតវិញ ស្របតាមនីតិវិធីដែលបានកំណត់ ដោយក្រសួងសុខាភិបាល និងក្រុមការងាររាជធានី-ខេត្ត នៃក្រសួងមហាផ្ទៃ។ ក្នុងករណីដែលពលករមានបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃក្នុងអំឡុងពេល ការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរ មូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍។ ក្នុងករណីមានបំណង ស្វែងរកការងារថ្មីធ្វើ ត្រូវទាក់ទងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលការងារ រាជធានី-ខេត្ត ដើម្បីទទួលបានព័ត៌មានការងារ ។

ក្នុងឱកាសនោះក្រសួងក៏បានអំពាវនាវ ដល់ពលករ ឲ្យចូលរួមជួយក្រុមគ្រួសារ ដើម្បីធ្វើស្រែចំការ ដាំដុះ និងប្រកប របរកសិកម្ម ក្នុងអំឡុងពេលរង់ចាំស្វែងរកការងារថ្មីធ្វើ នៅក្នុងស្រុក ឬចង់វិលត្រឡប់ទៅក្រៅប្រទេសវិញ ៕

ដោយ៖ ធី លីថូ

To Top