ព័ត៌មានជាតិ

សាស្រ្តាចារ្យឈាង រ៉ា ៖ អង្គការ CHAI ប្រៀបបានដូចការចងក្រម៉ា ជាការចងចាំអនុស្សាវរីយ៍

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលឹកពីកិច្ច សហប្រតិបត្តិការដ៏ល្អប្រសើរ របស់អង្គការ CHAI ជាមួយក្រសួងសុខាភិបាល ប្រៀបបានដូចការចងក្រម៉ា ដែលជាការចងចាំអនុស្សាវរីយ៍ និងបន្តរក្សាចំណងមិត្តភាពនេះបន្តទៀត។

នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីគម្រប់ខួប២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ CHAI (Clinton Health Access Initiative) ក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និងពិធីជូនដំណើរលោកស្រី Soleine Scotney ដែលបញ្ចប់បេសកកម្ម ជានាយិការបស់ CHAI ប្រចាំកម្ពុជាអស់រយៈពេល៥ឆ្នាំ នាថ្ងៃ២ មិថុនា។

គោលបំណងនៃការរៀបចំកម្មវិធីនេះដើម្បីរំលឹកខួប២០ឆ្នាំ នៃភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ CHAI។ ក្នុងរយៈពេល២ទស្សវត្យកន្លងមក CHAI បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា កិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និងអង្គការ CHAI នេះ បានរីកចម្រើនល្អប្រសើរ និងបានចាប់ដៃគ្នា បេ្តជ្ញាចិត្តរួមគ្នាក្នុងប្រតិបត្តិការសំខាន់ៗ រួមមាន ៖ ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ , ជំងឺរបេង , ជំងឺអេដស៍ , ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខភាពបន្តពូជ និងមាតា , យុទ្ធនាការចាក់ថ្នាំបង្ការ , ប្រព័ន្ធអុកស៊ីហ្សែន , ពង្រឹងសេវាមន្ទីរពិសោធន៍ , ការការពារជំងឺមិនឆ្លង និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសសើរចំពោះអង្គការ CHAI និងលោកស្រី Soleine Scotney ដែលបានលះបង់ពេលវេលា មិនត្រឹមតែជួយកម្ពុជានោះទេ តែបានស្វែងយល់នូវបញ្ហាដែលកម្ពុជាជួបប្រទះ និងបានចូលរួមផ្តល់មតិយោបល់ ព្រមទាំងបានចូលរួមក្នុងការងារជាមួយក្រសួងសុខាភិបាល ក្នុងបេសកកម្មសំខាន់ៗជាច្រើនផងដែរ។ សាស្រ្តាចារ្យ បានរំលឹកបន្ថែមអំពីការយកចិត្តទុកដាក់ និងការលះបង់របស់ CHAI ដែលតែងតែនៅឈរជាមួយកម្ពុជា និងឆ្លងកាត់ឧបសគ្គជាមួយគ្នានាពេលកន្លងមក ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

នាពិធីនោះផងដែរ សាស្រ្តាចារ្យ បានទទួលលិខិតពីថ្លែងអំណរគុណពី លោក Bill Clinton ជាអតីតប្រធានាធិបតីទី៤២ របស់សហរដ្ឋអាមេរិក ព្រមទាំងជាស្ថាបនិក និងជាប្រធាននៃ Clinton Global Initiative (CGI) តាមរយៈ លោក Joshua Chu នាយកប្រតិបត្តិការអង្គការ CHAI។

នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេនា ដល់លោកស្រី Soleine Scotney និងសហការី២រូប នៃអង្គការ CHAI ដើម្បីជាការថ្លែងអំណរគុណ សម្រាប់ការដឹកនាំដ៏ល្អរបស់លោកស្រី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការជាមួយក្រសួងសុខាភិបាល និងចូលរួមចំណែកក្នុងបេសកកម្មលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា៕

To Top