ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអេហ្ស៊ីប អំពាវនាវឱ្យបង្កើត តំបន់គ្មានអាវុធ នុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា

xinhua

គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានបញ្ជាក់ពីតម្រូវការ ក្នុងការបង្កើតតំបន់គ្មានអាវុធ នុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា។ លោកបានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងគែរ ជាមួយអគ្គនាយក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi ។ ក្នុងជំនួបនោះ លោក Grossi បានសរសើរតួនាទីដ៏ស្វាហាប់ និងជាប្រវត្តិសាស្ត្ររបស់អេហ្ស៊ីប ក្នុងវិស័យរំសាយអាវុធផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមតាមទូរទស្សន៍ ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty ក្រោយមក លោក Grossi បានលើកឡើងថា “នៅពេលនិយាយអំពីបញ្ហានុយក្លេអ៊ែរ អ្វីៗទាំងអស់គួរតែមានសន្តិភាព”។ ទន្ទឹមនឹងនេះ លោក Abdelatty បានសម្តែងការគាំទ្រចំពោះការដោះស្រាយដោយសន្តិវិធី និងនយោបាយចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដោយបន្ថែមថា ការកើនឡើងផ្នែកយោធា មិនបម្រើដល់ស្ថិរភាពក្នុងតំបន់នោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយផ្សេងទៀតជាមួយសមភាគីអ៊ីរ៉ង់លោក Seyed Abbas Araghchi លោក Abdelatty បានឲ្យដឹងថា ភាគីទាំងពីរ បានពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងវិធីដើម្បីសម្រេចបាននូវស្ថិរភាព ដោយការដោះស្រាយសំណួរប៉ាឡេស្ទីន ។ លោកបានបន្ថែមថា កិច្ចពិភាក្សាដែលបានពង្រីកក៏គ្រប ដណ្តប់លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត របស់អេហ្ស៊ីបក្នុង ការទប់ស្កាត់ការកើន ឡើងក្នុងតំបន់បន្ថែមទៀត។

ចំណែកលោក Araghchi បានសង្កត់ធ្ងន់ថា ទាំងប្រទេសអេហ្ស៊ីប និងអ៊ីរ៉ង់ គឺជាប្រទេសសំខាន់ក្នុងតំបន់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍បានច្រានចោល របាយការណ៍មួយរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិថាជា “ការជំរុញផ្នែកនយោបាយ និងខ្វះតុល្យភាព” ដោយថា ខ្លួនបានបរាជ័យក្នុងការ “ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវទំហំ នៃកិច្ចសហប្រតិបត្តិការ របស់ទីក្រុងតេអេរ៉ង់” ជាមួយ IAEA ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top