ភ្នំពេញ ៖ ក្រោយបញ្ចប់ការ សួរសុខទុក្ខអ្នកជំងឺ និងសំណេះសំណាល ជាមួយបុគ្គលិក មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពកោះកេរ្តិ៍ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដំណើរទៅ មណ្ឌលសុខភាពគូលេន នៅភូមិ គូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលេន ខេត្តព្រះវិហារដែលមាន ចម្ងាយប្រមាណ៤០គីឡូម៉ែត ពីក្រុងព្រះវិហារ នាថ្ងៃ៣១ ឧសភា ។

ទិដ្ឋភាពជាក់ស្តែងនៅទីនោះ បានធ្វើឲ្យសាស្រ្តាចារ្យរដ្ឋមន្រ្តី មានអាម្មណ៍ សប្បាយរីករាយក្រៃលែង ព្រោះបានឃើញប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការជឿជាក់ខ្លាំង លើការបម្រើសេវាព្យាបាលរបស់មន្រ្តី និងបុគ្គលិក បម្រើការងារនៅមណ្ឌលសុខភាពគូលែន និងបានមកទទួលសេវាយ៉ាងច្រើន កុះករគួរឲ្យកត់សម្គាល់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ជួយធ្វើការបណ្ដុះបណ្ដាល បច្ចេកទេស ជូនមន្ត្រីបុគ្គលិក ទៅតាមជំនាញ បន្ថែមទៀត ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពកាន់តែប្រសើរឡើង។ ជាមួយគ្នានេះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ឱសថ សម្ភារៈបរិក្ខាពេទ្យបន្ថែមចាំបាច់មួយចំនួន ជូនដល់មណ្ឌលសុខភាពផងដែរ។

មណ្ឌលសុខភាពគូលែនមានបុគ្គលិកចំនួន១៦នាក់ ហើយក៏ជាមណ្ឌលសុខភាព មានគ្រែសម្រាប់អ្នកជំងឺសម្រាក និងបម្រើសេវា២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាណ៍ ។ ភាពដឹកនាំដ៏ប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់រដ្ឋមន្រ្តីសុខា បានធ្វើឲ្យមន្ត្រីនិងបុគ្គលិកមានការសាមគ្គីគ្នាល្អ ព្រមទាំងចូលរួមក្នុងការ អភិវឌ្ឍមណ្ឌលសុខភាពមួយនេះ បានល្អប្រសើរ ព្រមទាំងទទួលបានការគាំទ្រពីអាជ្ញាធរខេត្ត និងសប្បុរសជន ក្នុងការពង្រីកហេដ្ឋារចនាម្ព័ន្ធ នៅក្នុងមណ្ឌលសុខភាព ដើម្បីឆ្លើយតបទៅនឹងការបម្រើសេវាជូន ដល់ប្រជាពលរដ្ឋឲ្យ កាន់តែប្រសើរឡើង។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ និងចំណុចគន្លឹះបន្ថែម សម្រាប់ការថែរក្សា សុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងនវានុវត្តន៍ ជាពិសេសត្រូវចូលរួមថែរក្សា នូវហេដ្ឋារចនាសម្ព័ន្ធ ត្រូវបន្តខិតខំពង្រឹង យន្តការថែទាំព្យាបាល និងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា ពង្រឹងសេវាបញ្ជូន អ្នកជំងឺឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ឆាប់រហ័ស៕








