ព័ត៌មានជាតិ

សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក ក្នុងរយៈពេល ៤ខែ

ភ្នំពេញ ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក។ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។

ក្នុងចំណោមបទល្មើសដែលបានថយចុះ នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា បទល្មើសឧក្រិដ្ឋ បានថយចុះ ចំនួន២៩លើក និងបទល្មើសមជ្ឈិម បានថយចុះចំនួន២៣៧លើក។

អ្នកនាំពាក្យ បានឱ្យដឹងទៀតថា បទល្មើសថយចុះទាំងនោះ មានជាអាទិ៍ ករណីលួចមានស្ថានទម្ងន់ រំលោភសេពសន្ថវៈ បង្ខាំមនុស្សជំរិតទារប្រាក់ លួច ឆក់ មនុស្សឃាតដោយអចេតនា អំពើហិង្សាក្នុងគ្រួសារ ឆបោក រំលោភលើទំនុកចិត្ត និងប្រើអាវុធខុសច្បាប់ជាដើម។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព ជាទិសដៅ១ ក្នុងចំណោមទិសដៅអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដៅបង្កើនការយកចិត្តទុកដាក់ អនុវត្តន៍ចាប់ពីដើមនីតិកាលទី៧មក។

ក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ ដោយប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានជំរុញ និងតាមដានជាប់ជាប្រចាំ នូវចលនាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាផ្ដល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ៕

To Top