ព័ត៌មានជាតិ

ប្រធានបញ្ជាការ ឯកភាព រដ្ឋបាលខេត្តកំពង់ធំ ប្រគល់សម្ភារៈ ជូនតំបន់ប្រតិបត្តិការ សឹករងខេត្ត!

កំពង់ធំ: នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានដឹកនាំសហការី នៃថ្នាក់ដឹកនាំខេត្ត អញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ ណែនាំ និងប្រគល់ភារកិច្ចមួយចំនួន ព្រមទាំងបានឧបត្ថម្ភនៅអង្ករចំនួន ១០តោន អង្រឹងមានមុង សម្រាប់កងទ័ពចំនួន២០០ អង្រឹង ថវិកាចំនួន​ ១៨,០០០,០០០​ រៀល​ និង​ប្រេង​សាំង ​ចំនួន១,០០០​ លីត្រ​ ជូនដល់កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានឡើងថ្លៃងសន្ទរកថាស្វាគមន៍ និងបានរាយការណ៍ជូនលោក នួន ផារ័ត្ន និងប្រតិភូ អំពីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ពិសេសភារកិច្ចរបស់កង កម្លាំងអន្តរាគមន៍ ដែលបច្ចុប្បន្នកំពុងត្រៀមបម្រុង ដើម្បីអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងលោកប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងភារកិច្ចការពារបូរណភាពទឹកដី , ភារកិច្ចជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាកម្លាំងស្នូលក្នុង ការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន ក្នុងនាមគណ:បញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំង នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុង ការបំពេញភារកិច្ច សហប្រតិបត្តិការ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ពិសេសជាកម្លាំងស្នូលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

លោក នួន ផារ័ត្ន បានប្រគល់ ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារជាតិសាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ព្រមទាំងត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សាខាងមុខនេះ និងបន្តចូលរួមអនុវត្តក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលលទ្ធផលល្អបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោក នួន ផារ័ត្ន ដែលតែងតែបានយកចិត្តទុកដាក់ គ្រប់បែបយ៉ាង ក្នុងការជួយដោះស្រាយ នូវរាល់ការលំបាកផ្សេងៗ ជូនដល់អង្គភាពបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងទៅ ក៏ដូចជាថ្ងៃនេះ និងបានសូមគោរពជូនពរលោកប្រធាន ព្រមទាំងប្រតិភូទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសំនៀង

To Top