ព័ត៌មានជាតិ

អ៊ីរ៉ង់ គ្រោងនឹងបដិសេធ សំណើកិច្ចព្រមព្រៀង នុយ ក្លេអ៊ែររបស់អាមេរិក ដោយថាមិនមានតុល្យភាព

kyodo

តេអេរ៉ង់ ៖ ប្រភពការទូតមួយបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ គ្រោងនឹងបដិសេធសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយចាត់ទុកវាថា “មិនមានតុល្យភាព” បន្ទាប់ពីការចរចា ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។

រដ្ឋបាលអាមេរិករបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យអ៊ីរ៉ង់ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyyed Abbas Araghchi បានឲ្យដឹងកាលពីថ្ងៃសៅរ៍ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោកបានទទួល តាមរយៈអ្នកសម្របសម្រួលប្រទេស អូម៉ង់ ហើយ “ធាតុនៃសំណើរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវបានឆ្លើយតប យ៉ាងត្រឹមត្រូវ” ស្របតាមផលប្រយោជន៍ជាតិ របស់អ៊ីរ៉ង់ ។

ប្រភពបានប្រាប់កាសែតក្យូដូឲ្យដឹងថា ធាតុទាំងអស់គឺ “ម្ខាងទាំងស្រុង” និងអនុគ្រោះដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបានរិះគន់សំណើនេះថា “មិនមែនជាការចាប់ផ្តើម” នោះឡើយ ។

លោក ត្រាំ ដែលបានប្តេជ្ញារារាំង អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរកំពុងស្វែងរកកិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់ បន្ទាប់ពីបានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងពីមុនរវាងអ៊ីរ៉ង់និងមហាអំណាច ចំនួនប្រាំមួយក្នុងឆ្នាំ២០១៨ ក្រោមការដែលទីក្រុងតេអេរ៉ង់ បានយល់ព្រមក្នុងការទប់ស្កាត់ សកម្មភាពនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្ម។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើការចរចាដោយប្រយោលចំនួន ៥ជុំជុំវិញបញ្ហានុយក្លេអ៊ែរចាប់តាំងពីខែមេសាឆ្នាំនេះ។ អ៊ីរ៉ង់ បានទទូចថា សកម្មភាព នុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។ លោក ត្រាំ បានគំរាមប្រើកម្លាំងយោធា ប្រសិនបើការ ចរចារលំ។ ភាគីទាំងពីរបានឲ្យដឹងថា ការចរចានឹងបន្ត ប៉ុន្តែកាលវិភាគ សម្រាប់ជុំបន្ទាប់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយបន្ដបង្ហាញពីភាពខុសគ្នា ដែលនៅសល់។

អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធសប្ដាហ៍មុនថា លោកបានអំពាវនាវ ទៅកាន់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទកុំឱ្យវាយ ប្រហារប្រទេសអ៊ីរ៉ង់ ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន ជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ហើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top