ព័ត៌មានអន្តរជាតិ

ការបាញ់បង្ហោះ ផ្កាយរណបអ៊ីរ៉ង់ អាចនឹងបំពានសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ

បរទេស៖ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចូលរួមជាមួយសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសការបាញ់បង្ហោះ ផ្កាយរណបយោធារបស់ប្រទេសអ៊ីរ៉ង់ ដោយធ្វើការលើកឡើងថា វាជាការបំពានមួយ ចំពោះសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។

មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានថ្កោលទោសការបាញ់បង្ហោះនោះ ដោយលើកឡើងថា មីស៊ីលដែលប្រើបញ្ជូនផ្កាយរណប Nour-1 ទៅកាន់លំហនោះ គឺដូចគ្នាទៅនឹងមីស៊ីល ដែលប្រើជាមីស៊ីលផ្លោង ចំណែកមេបញ្ជាការនៃ កងកម្លាំងអវកាសសហរដ្ឋអាមេរិក ក៏ចោទជាសំនួរផងដែរថា តើផ្កាយរណបនោះ មានសមត្ថភាពផ្តល់ ការសម្ងាត់ដែរឬក៏អត់។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ កាលពីសប្ដាហ៍មុន បានបាញ់បង្ហោះផ្កាយរណបយោធា Nour-1 របស់ខ្លួន ដោយបំពាក់លើមីស៊ីលផ្លោង Qased ដោយធ្វើការប្រកាសថា ផ្កាយរណបនោះ ត្រូវបានបង្ហោះដោយជោគជ័យ ចូលទៅក្នុងគន្លងលំហ ចម្ងាយ ២៦៤ម៉ាយ នៅខាងលើផែនដី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top