Covid-19

ក្រសួងមហាផ្ទៃ អំពាវនាវភាគីពាក់ព័ន្ធ ទប់ស្កាត់ឲ្យបាន ពលករខ្មែរ ចង់វិលទៅថៃវិញ ខណៈមានមេខ្យល់ញុះញុង

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នាទប់ស្កាត់ ឲ្យបានចំពោះពលករខ្មែរ ដែលចង់វិលត្រឡប់ទៅកាន់ ប្រទេសថៃវិញ ខណៈមានមេខ្យល់កំពុងដើរ ឃោសនាឲ្យពួកគេវិលវិញ ។

ចំពោះករណីនេះ ត្រូវបានលោកស្រីអះអាងថា អាច នឹងធ្វើឲ្យពួកគេជួបហានិភ័យ ខ្ពស់ចំពោះការបញ្ហា មេរោគ កូវិដ-១៩។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំនៅថៃ កាលពីថ្ងៃទី១៨ មេសា បានឲ្យដឹងថា ក្នុងស្ថានភាពនៃការរាលដាលនៃជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាមានអាសន្ន រយៈពេល ១ខែទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ ទាក់ទងជនទេសន្តប្រវេសន៍ ស្តីពីកិច្ចសហការឆ្លើយតបវិបត្តិកូវិដ១៩ ក្នុងចំណោម ពលករចំណាកស្រុក និងសហគមន៍ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា រហូតមកដល់ពេលនេះ ពលករខ្មែរ ដែលបានវិលត្រឡប់មកពីថៃវិញមានជិត ៩ម៉ឺននាក់ ដោយសារពួកគាត់មិនមានការងារធ្វើ និងខ្លះទៀតបានមកដោយសារ ចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលកន្លងទៅ ។ ដូច្នេះអ្វីដែលសំខាន់សម្រាប់ពួកគាត់ ត្រូវ រួមគ្នាទប់ស្កាត់កុំឲ្យ ប្រញាប់ទៅវិញដោយសារតែ ប្រទេសដែលទៅនោះកំពុងផ្ទុះ ឡើងជាបន្តបន្ទាប់នូវមេរោគ កូវិដ-១៩។

លោកស្រីមានប្រសាសន៍ថា «សព្វថ្ងៃនេះមានជនខិលខូច ដែលហៅថាមេខ្យល់បាន ដើរ បំផុសបំផុលឬក៏ឃោសនាឲ្យពួកគាត់ (ពលករ) ឲ្យវិលត្រឡប់ទៅប្រទេសថៃវិញ ដោយប្រាប់ពួកគាត់ថា សំបូរការងារវិញ និងមានចេតនាចង់យកថ្លៃពីពួកគាត់ ដោយលួចដឹកតាមច្រកនានា ដែលមិនមែនជាច្រកអន្តរជាតិ និងផ្លូវការនោះ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ ស្កាត់ពួកគាត់ឲ្យបាន ដើម្បីការពារនៃការរីក រាលដាលនូវមេរោគកូវិដ១៩ ដល់ពួកគាត់ក៏ដូចជា តាមសហគមន៍នានានោះ»។

លោកស្រីបន្តថា ពលករដែលបានវិលត្រឡប់មកពីថៃវិញ ភាគច្រើនកំពុងប្រឈមបញ្ហាសុខភាព និងជីវភាពរយៈពេលវែង តែយ៉ាងណាក៏ រាជរដ្ឋាភិបាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រង់ស្ថិតិដើម្បីស្វែងរក អ្នកក្រីក្រពិតប្រាកដសម្រាប់ជួយ និងទប់ស្កាត់កុំឲ្យប្រញាប់វិលត្រឡប់ ទៅកាន់ប្រទេសគោលដៅ ជាពិសេសថៃតែម្តង។

លោកស្រីបន្ថែមថា«ពេលនេះពួកគាត់កំពុងប្រឈម នឹងមិនធ្វើអ្វីទាំងអស់ ដោយសារតែពួកគាត់ទន្ទឹង រងចាំទៅប្រទេសគោលដៅ ឬប្រទេសថៃវិញ ដោយតាម រយៈមេ ខ្យល់ថាមានការងារធ្វើឡើងវិញនោះ។ ប៉ុន្តែស្ថានភាពវាអាចនឹងអូសបន្លាយវែង មកពីបញ្ហាមេរោគកូវិដ១៩ ដូច្នេះពួកយើងទាំងអស់គ្នា ស្ថាប័នពាក់ព័ន្ធ អង្គការជាដៃគូ ត្រូវរកដំណោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា ដោះស្រាយទាំងសុខភាព និងជីវភាពជូនពួកគាត់»។

បើតាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បច្ចុប្បន្នពលរដ្ឋខ្មែរដែលកំពុង ធ្វើការនៅថៃមានជាង ១លាននាក់ ហើយចាប់តាំងពីចុងខែមិនា មករហូតដល់សព្វ ថ្ងៃបានវិលមកកម្ពុជាវិញ ជាបន្តបន្ទាប់ប្រហែលជាង ៨ម៉ឺននាក់។

យ៉ាងណាក៏ដោយ ចាប់ពីពេលនេះតទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់មិនត្រូវ អនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅវិញនោះទេ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនូវ មេរោគកូវិដ១៩។

សូមរំលឹកថា រហូតដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានអ្នកសះស្បើយពីជំងឺ កូវីដ-១៩ ចំនួន១១៩នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាល នៅសល់តែ៣នាក់ប៉ុណ្ណោះ ខណៈអ្នកឆ្លងសរុប មានចំនួន ១២២នាក់ ៕

ដោយ៖ អេង ប៊ូឆេង

To Top