បរទេស៖ រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ជាលើកទីពីរនៅថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងស្ថានភាពព្រំដែនជាមួយកម្ពុជាដោយសង្កត់ធ្ងន់លើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានេះ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់រាជរដ្ឋាភិបាលថៃបានធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចរវាងទាហានថៃ និងកម្ពុជា ដែលបានកើតឡើងនៅតំបន់ Chong Bok នៃខេត្ត Ubon Ratchathani កាលពីថ្ងៃទី ២៨ ខែឧសភា។
យោងតាមសេចក្តីថ្លែងការណ៍ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាក្នុងការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា រួមមាន គណៈកម្មការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដោយផ្អែកលើទំនាក់ទំនងល្អរវាងថៃ និងកម្ពុជា។
នេះជាលទ្ធផលនៃកិច្ចពិភាក្សារវាងមេបញ្ជាការកងទ័ពនៃភាគីទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
កម្ពុជាបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការពាក់ព័ន្ធនឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ប្រទេសថៃមិនបានទទួលស្គាល់យុត្តាធិការជាកំហិតរបស់ ICJ ចាប់តាំងពីឆ្នាំ 1960។ ប្រទេសថៃ និងកម្ពុជាមានយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាទាំងនេះ ដែលជាកិច្ចព្រមព្រៀងតាំងពីដើមមក៕
ប្រែប្រួលៈ ណៃ តុលា
