ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ ទាមទារឲ្យរដ្ឋសមាជិក ក្នុងការបង្កើនខ្ទង់ ចំណាយយោធាបន្ថែមទៀត ទៅដល់ ៥ភាគរយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានប្រកាសថា លោកនឹងស្នើឡើង នូវគោលដៅចំណាយយោធាថ្មី ដែលសរុបចំនួន ៥ភាគរយ នៃ GDP របស់រដ្ឋសមាជិកនីមួយៗ ក្នុងអំឡុងកិច្ចប្រជុំកំពូល នៅខែមិថុនា នៅទីក្រុងឡាអេដែលជាការកត់សម្គាល់ ដែលមានទំហំកើនឡើង យ៉ាងខ្លាំងពីត្រឹមតែ២ភាគរយប៉ុណ្ណោះ នៅពេលបច្ចុប្បន្ន។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក ប្រធានាធិបតី អាមេរិក Donald Trump បានទាមទារកាន់តែខ្លាំងឡើង ដែលសមាជិកអឺរ៉ុបរបស់ប្លុកនេះ ចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។ លោក​បាន​ចោទ​ពួកគេ​ម្តង​ហើយ​ម្តង​ទៀត​ថា​មិន​បាន​ទទួល​បន្ទុក​ដោយ​សមធម៌។

យោងតាមរបាយការណ៍ចុងក្រោយ របស់អង្គការ NATO សមាជិកចំនួន១០ក្នុងចំណោមសមាជិក ៣២របស់ខ្លួនមិនចំណាយបាន សូម្បីតែ២ភាគរយ នៃ GDP លើវិស័យការពារជាតិទេ ខណៈដែលសហរដ្ឋអាមេរិក នៅតែជាអ្នករួមចំណែក ធំបំផុតរបស់ប្លុក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការពារជាតិណាតូ នៅទីក្រុងប្រ៊ុសែលកាលពីថ្ងៃព្រហស្បតិ៍ លោក Rutte បាននិយាយថា ពួកគេបានយល់ព្រមលើការកំណត់គោលដៅសមត្ថភាពថ្មី ប្រកបដោយមហិច្ឆតា ដែលរួមមាន ការការពារដែនអាកាស យន្តហោះចម្បាំង រថក្រោះ យន្តហោះគ្មានមនុស្សបើក បុគ្គលិក ភស្តុភារ និងអ្វីៗជាច្រើនទៀតផងដែរ។

គួរឲ្យដឹងដែរថាប្រធានប្លុកយោធា បានប្រកាសថាគាត់ នឹងស្នើផែនការវិនិយោគរួម ដែលនឹងសរុប៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់អាទិភាព ដែលបានគ្រោងទុក៕

ប្រែសម្រួល៖ស៊ុនលី

To Top