ព័ត៌មានជាតិ

អបអរសាទរ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការ​វិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធ​ពិធី​អបអរសាទរ​ ពិធី​សំខាន់ៗ​ចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សា លើកុមារគ្រប់ទម្រង់ គឺជា​ការ​អភិវឌ្ឍ​ធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវា​ពិភពលោក​ប្រឆាំង ពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើក​កម្ពស់​ការងារ​សមរម្យ​ សម្រាប់​កម្មករ​ និយោជិត​វ័យក្មេង​ នៅគ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បីធានាកំណើនប្រកប ដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

កម្មវិធីដ៏អធិកអធមនេះ មានការអញ្ជើញចូល រួមជាអធិបតីពីលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ, អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទស្សនៈពិភពលោក (World Vision), តំណាង​អន្តរ​ក្រសួង​ស្ថាប័ន​នៃគណៈកម្មការប្រឆាំងពលកម្មកុមារ, អង្គការវិជ្ជាជីវៈ, វិស័យ​ឯកជន, លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០រូប។

ថ្លែងនៅក្នុងអង្គពិធី លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ការ​លុប​បំបាត់​ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាការងារ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងត្រូវបាន​ចាត់ទុក​ជាផ្នែកមួយ​ដ៏សំខាន់​នៅក្នុង​ការ​អនុវត្ត​អនុសញ្ញាស្ដីពីសិទ្ធិកុមារ និងអនុសញ្ញា​ស្នូលទាំង​ប្រាំបី ​របស់​អង្គការ​អន្តរជាតិ​ខាងការងារ (ILO) សំដៅការពារសិទ្ធិ និងឧត្តម​ប្រយោជន៍​សម្រាប់​កុមារ លើកកម្ពស់សិទ្ធិការងារ របស់កម្មករ និយោជិតវ័យក្មេង និងការទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារនៅគ្រប់ខ្សែ ច្រវាក់ផលិតកម្ម។

បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា ការរៀប​ចំទិវាពិភព​លោក​​ប្រឆាំង​ពលកម្មកុមារ ធ្វើឡើងនៅក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​បីរួ​មមាន (១) ជំរុញចលនាសង្គមប្រឆាំង នឹងពលកម្មកុមារ ដើម្បី​បំផុស​ការចូល​រួម​ក្នុងការបង្ការ និងទប់ស្កាត់ការប្រើ ប្រាស់ពលកម្មកុមារ តាមរយៈ​ការលើក​កម្ពស់ការ​យល់ដឹង​ដល់សាធារណ​ជនឱ្យកាន់​តែយល់​ច្បាស់​ពីបញ្ហា​ពលកម្មកុមារ (២) ជំរុញកិច្ច​សហការ​ពីគ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​បង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃពលកម្មកុមារ និង(៣) បង្ហាញពីវឌ្ឍនភាព និង សមិទ្ធ​ផល​ដែល​សម្រេច បានរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយពលកម្មកុមារ និងលុប​បំបាត់ទម្រង់ ធ្ងន់ធ្ងរនៃពលកម្មកុមារ។

ជាមួយគ្នានេះ លោកស្រី ក៏បានថ្លែង​អំណរគុណ​ដល់គ្រប់​ភាគីពាក់ព័ន្ធ​ ដែល​ចូលរួម​អនុវត្តផែន​ការសកម្មភាព​ជាតិ​ស្ដីពីការ​កាត់បន្ថយ​ពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ២០១៦-២០២៥ ជាមួយនឹងលទ្ធផល គួរជាទីមោទនៈ។ សម្រាប់លោកស្រី សមិទ្ធផលទាំងនេះ គឺជាការឆ្លុះ​បញ្ចាំង​ពីកិច្ចខិតខំប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយ​ទំនួល ខុស​ត្រូវខ្ពស់ ​របស់​គ្រប់​ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ​ដែល​មានមនសិការមុតមាំក្នុងការចូលរួមជាធ្លុងមួយ ក្នុងកិច្ចខិត​ខំប្រឹង​ប្រែង​លើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ជាពិសេស ការ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ក្នុងការ​លុបបំបាត់​ទម្រង់ធ្ងន់ធ្ងរ​នៃពលកម្មកុមារ និងបន្ត​សកម្មភាពនានា​ដែលគាំទ្រ ដល់​ការអនុវត្ត​គោលនយោបាយ ​របស់រាជរដ្ឋាភិបាល​ឆ្ពោះទៅការបញ្ចប់​ពលកម្មកុមារ​នៅកម្ពុជា ដូចមានចែង​នៅ ក្នុងគោលដៅ​អភិវឌ្ឍន៍ ​សកលប្រកប​ដោយចីរភាព។

សូមបញ្ជាក់ថា ក្រៅពីការឡើង ថ្លែងសុន្ទរកថាពីគណៈអធិបតី ក៏មានការ​ប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ នូវចលនាប្រឡង ប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ទៅដល់វិស័យឯកជន​ដែលបានចូលរួម ជាចលនាជាតិ ជាមួយរដ្ឋាភិបាលក្នុងការ មិនប្រើប្រាស់ពលកម្មកុមារផងដែរ ៕

To Top