ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកជាអនុសាសន៍ចំនួន៤​ ក្នុងសុន្ទរកថា គន្លឹះ នៃសន្និសីទឧស្សាហកម្ម ទេសចរណ៍ពិភពលោក លើកទី៤ នៅទីក្រុងសេអ៊ូល

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថា គន្លឹះ និងបានលើកឡើង អនុសាសន៍ចំនួន៤ ក្នុងសុន្ទរកថាគន្លឹះ នៃសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ ក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)​” ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានអ្នកចូលរួម ជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំ សាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់ ។

ក្នុងសុន្ទរកថាគន្លឹះ លោករដ្ឋមន្រ្តី បានចែករំលែកបទពិសោធ​ នៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទ ដែលកម្ពុជា បានឆ្លងកាត់នូវសម័យ កាលដ៏ល្វីងជូរចត់ និងសែនពិបាករហូតដល់បាន ទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះបញ្ចាំង ដល់ពិភពលោកពីតម្លៃ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោក ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានគូសបញ្ជាក់ថាការរក្សានូវនិរន្តភាព ជារឿងដ៏ពិបាកតែអាចសម្រេចតាមរយៈសកម្មភាពរួមគ្នាជាក់ស្តែង ដែលលោករដ្ឋមន្រ្តី បានលើកជាអនុសាសន៍ចំនួន៤​ ក្នុងសុន្ទរកថាគន្លឹះ ។ បទពិសោធ និងអនុសាសន៍ដែលបានលើកឡើងដោយលោករដ្ឋមន្រ្តី ត្រូវបានទទួលការសាទរគំាទ្រ និងត្រូវបានយកជាកម្មវត្ថុ​ នៃគំនិតពិភាក្សាក្នុងសនិ្នសីទកម្រិតអន្តរជាតិ ដែលគំាទ្រដោយអង្គការសហប្រជាជាតិទេសចរណ៍ (UNWTO)៕

To Top