ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរសុខាភិបាល នៅរដ្ឋ Queensland បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារនេះថា មានភ្ញៀវជាច្រើនដែលសម្រាក និងស្នាក់នៅ រមណីយដ្ឋានដ៏ប្រណីត នៅលើដែនកោះមួយ នៃតំបន់ឆ្នេរសមុទ្រ របស់ប្រទេសអូស្ត្រាលី បានរងគ្រោះថ្នាក់ ដោយមានបញ្ហាក្រពះ ពោះវៀន ។
ទីតាំងនៃកោះនោះ ស្ថិតនៅជិតនៅក្រុង Brisbane ហើយបើតាមសម្តី របស់វេជ្ជបណ្ឌិត Kari Jarvinen មកពីអង្គភាពសុខភាពសាធារណៈ ប្រចំានៅតំបន់ប៉ែកខាងត្បូង បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ អូស្ត្រាលីថា ដើមចមនៃបញ្ហា ដោយសារការទទួលទានទឹក ដែលត្រូវបានធ្វើតេស្ត នៅលើកោះ Tangalooma ដែលជាកន្លែងរមណីយដ្ឋានមួយ ហើយត្រូវបានប្រកាសឲ្យដឹងថា ការឆ្លងជំងឺគឺដោយសារជំងឺម្យ៉ាង ដែលបង្កឡើងដោយមេរោគបាក់តេរី E.coli ។
គាត់បានបញ្ជាក់យ៉ាងដូច្នេះថា “មនុស្សគ្រប់គ្នានៅឯរមណីយដ្ឋាន ឬអ្នកដែលទើបតែ មកទស្សនានាពេលថ្មីៗនេះ គួរតែប្រាប់អំពីរោគសញ្ញា ដែលបង្ហាញអំពីបញ្ហារលាកក្រពះ ហើយស្វែងរកការផ្តល់ដំបូន្មាន ពីក្រុមគ្រូពេទ្យ បើសិនជាពួកគេមានបញ្ហាកើតឡើង” ។
គាត់បានបញ្ជាក់ថា “សេចក្តីរាយការណ៍បឋម មកកាន់អង្គភាពសុខាភិបាលនៅ Queensland គឺមានអ្នក ពាក់ព័ន្ធនឹងបញ្ហាចំនួន៥០ករណី យ៉ាងណាមិញ ចំនួនពិតប្រាកដនោះ មិនទាន់ដឹងច្បាស់អំពីការឆ្លង ជំងឺប៉ុន្មាននាក់នោះទេ” ។
“អ្នកខ្លះ ក្នុងចំណោមភ្ញៀវរបស់ពួកយើង និងបុគ្គលិក ត្រូវបានគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺ ដោយមានអាការៈវិលមុខ ក្អួតចង្អោរ រាករូស មានបញ្ហាឈឺចាប់ក្នុងក្រពះ និងមានអារម្មណ៍ មិនសូវស្រួលក្នុងខ្លួនជាដើម” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា