ភ្នំពេញ៖ រហូតមកដល់ពេលនេះ ក្រសួងការបរទេសខ្មែរ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នារសៀលថ្ងៃទី៧ មិថុនានេះ អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ» ។
លោកបន្ថែមថា ទន្ទឹមនឹងនេះ លោកក៏កំពុងរង់ចាំការបញ្ជាក់របស់ ស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ ចំពោះព័ត៌មានអំពី ការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ខាងលើនេះ ៕
