បរទេស៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បានរាយការណ៍ករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៥២៨ ករណីកាលពីថ្ងៃអង្គារ ដែលនាំឱ្យមានករណីដែល បានបញ្ជាក់ឆ្លងសរុប នៅក្នុងដែនដីនេះ កើនដល់ ១៤.៩៥១ នាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗ ១០ ករណីត្រូវបានគេរក ឃើញនៅក្នុងសហគមន៍ ក្នុងនោះ ៧ នាក់ជាអ្នកកាន់លិខិត អនុញ្ញាតការងារដែល ស្នាក់នៅក្រៅអន្តេវាសិកដ្ឋាន ហើយ ៥១១នាក់ ជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។
ក្នុងអំឡុងពេលមួយថ្ងៃមុន អ្នកជំងឺ ៣៣ នាក់បន្ថែមទៀតនៃការឆ្លងមេរោគ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ឬកន្លែងដាច់ឆ្ងាយពីសហគមន៍។ ជារួម ១.១២៨ នាក់បានជាសះស្បើយ ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យឬកន្លែងដាច់ឆ្ងាយពីសហគមន៍។
បច្ចុប្បន្នមានករណីដែលត្រូវបានបញ្ជាក់ចំនួន ១.៨៨៩ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ អ្នកជំងឺទាំងនេះភាគច្រើនមានស្ថេរភាព ឬមានស្ថានភាពប្រសើរឡើង ហើយ ២១នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។ អ្នកជម្ងឺប្រមាណ ១១.៩២០ នាក់នៅដាច់ដោយឡែក និងមើលថែនៅតាមសហគមន៍នានា៕
ប្រែសម្រួលៈ ណៃ តុលា