ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសបានជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
លោក ជុំ សុន្ទរីបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ មិថុនាថា វិវាទរវាងកម្ពុជានិងថៃនេះ រដ្ឋមន្រ្តីក្រសួងការបរទេសបានផ្ញើលិខិតទៅភាគីថៃកាលពីថ្ងៃ៦មិថុនា ។ លិខិតកំណត់ការទូតនេះបានរៀបរាប់ថា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី។
លិខិតបន្តថា សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។ សេចក្ដីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចំាបាច់សម្រាប់ព្រំដែនគោករៀងៗខ្លួនហើយសំខាន់បំផុតនោះគឺ នឹងជួយជំរុញឲ្យមានបរិយាកាសប្រកបដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។ ដំណើរការនេះក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋ ការរក្សាភាពសុខដុ មរមនាក្នុងតំបន់ និងការជំរុញវិបុលភាពរួមសម្រាប់ប្រជាជននៅក្នុងសហគមន៍អាស៊ាន ។
លិខិតបញ្ជាក់ថា “អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូមជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ។ យើងគួរចាប់យកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះកិច្ចសន្ទនាដោយសន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតនៃអ្នកជិតខាងដ៏ល្អ” ។
បញ្ចប់ការដកស្រង់” ។
ប្រភពខាងលើឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្ថិតស្ថេរចេរកាល សំរាប់បញ្ហាព្រំដែនជាមួយប្រទសជិតខាង រួមទាំងប្រទេសថៃ មិនដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសថៃនោះឡើយ ។
ការប្រកាន់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការ បញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តី គឺដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង ៕
