បរទេស៖ ពាណិជ្ជករក្រុមហ៊ុន YLG Bullion and Futures និយាយថា តម្លៃមាសត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដល់ ៤.០០០ ដុល្លារអាមេរិក ក្នុងមួយអោន ក្នុងរយៈពេលមធ្យម ដែលជំរុញដោយ ដោយសារ តែភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ និងការផ្លាស់ប្តូរឆ្ពោះទៅរកអត្រាការ ប្រាក់ទាបទូទាំងពិភពលោក។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា YLG ព្យាករណ៍ថា តម្លៃមាសអន្តរជាតិអាចឡើងដល់ ៣.៧០០ ដុល្លារក្នុងមួយអោននៅឆមាសទីពីរនៃឆ្នាំ ២០២៥ ហើយអាចឡើងដល់ ៤.០០០ ដុល្លារក្នុងរយៈពេល ៣ ឆ្នាំ ទៅ៥ ឆ្នាំ, នេះបើយោងទៅតាមប្រធាន ប្រតិបត្តិគឺលោកស្រី Tipa Nawawattanasub ។
តម្លៃមាសក្នុងស្រុករបស់ថៃ ត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិត ៥៧ ០០០ បាត ដែលកើនឡើងពីតម្លៃខ្ពស់បំផុតចំនួន ៥៣ ០០០ បាតនៅដើមឆ្នាំនេះ ។ លោកស្រី Tipa បាននិយាយថា “ភាពមិនប្រាកដប្រជាជាសកលជាច្រើន គឺនៅតែបន្តគាំទ្រដល់តម្រូវការមាស” ។
សូមជម្រាបថា “សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តកើតមាន ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងកើនឡើង ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏នៅតែប្រែប្រួល ។ ហានិភ័យភូមិសាស្ត្រនយោបាយ ដែលមិនត្រូវបានដោះស្រាយទាំងនេះ គឺបន្តធ្វើឱ្យមាសក្លាយជាទ្រព្យ សម្បត្តិសុវត្ថិភាពដ៏គួរឱ្យទាក់ទាញ”៕
ប្រែសម្រួលៈ ណៃ តុលា
