អ៊ុយក្រែន ៖ ទាហានអ៊ុយក្រែនម្នាក់ បាននិយាយថា ស្មាតហ្វូន Samsung Galaxy S25 Ultra ការពារលោកពីគ្រាប់បែក កំឡុងពេលការទម្លាក់គ្រាប់បែក របស់ប្រទេសរុស្ស៊ីមក លើប្រទេសរបស់លោក ដោយពណ៌នា ឧបករណ៍នេះថា ជាពាសដែក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily ។
នេះបើយោងតាមសារព័ត៌មាន Ukrainian IT News Mezha កាលពីថ្ងៃសុក្រថា អ្នកប្រើប្រាស់ដែលកំណត់ អត្តសញ្ញាណខ្លួនឯងថា ជាទាហានបានបង្ហោះការពិនិត្យអតិថិជន នៅលើគេហទំព័ររបស់ Samsung Electronics អ៊ុយក្រែនកាលពីពាក់កណ្តាលខែឧសភា ដោយចែករម្លែកគណនី របស់លោកអំពីឧបទ្ទវហេតុនេះ។
អ្នកប្រើប្រាស់បានសរសេរថា ក្នុងអំឡុងពេលបាញ់ផ្លោង បំណែកដ៏ធំមួយបានវាយប្រហារ Samsung Galaxy S25 Ultra របស់ខ្ញុំដោយផ្ទាល់ ។ វាបានទម្លុះអេក្រង់ ប៉ុន្តែត្រូវបានការពារដោយ ស្រោមស្មាតហ្វូនទីតាញ៉ូមដ៏រឹងមាំ ហើយមិនបានចូលទៅក្នុងខ្លួនរបស់ខ្ញុំ។
អ្នកប្រើបានបន្ថែមថា ទូរស័ព្ទក្លាយជាគ្រឿង សឹករវាងខ្ញុំ និងរបួស ។ រូបថតបានបង្ហោះជាមួយការវាយតម្លៃ បានបង្ហាញពីផ្នែកខាងឆ្វេង ផ្នែកខាងលើ នៃអេក្រង់របស់ទូរសព្ទ ដែលខូចយ៉ាងខ្លាំង ជាមួយនឹងស្នាមប្រេះ ដែលអាចមើលឃើញ។
នេះបើយោងតាមរបាយការណ៍របស់ Mezha ថា តំណាងក្រុមហ៊ុន Samsung ប្រចាំប្រទេសអ៊ុយក្រែន បាននិយាយថា យើងនឹងជួសជុលឧបករណ៍ របស់គាត់ដោយមិនគិតថ្លៃ ជានិមិត្តសញ្ញានៃការដឹងគុណ របស់យើងចំពោះសេវាកម្ម និងការជឿទុកចិត្តរបស់គាត់ចំពោះម៉ាក Samsung ៕
