ភ្នំពេញ ៖ ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ក្រសួងការពារជាតិ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទទួល យកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ពិសេសការជូនព័ត៌មាន ដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅនេះ មានស្ថាប័ន សារព័ត៌មានថៃ និងបណ្តាញសង្គមក្នុង ស្រុកមួយចំនួនបាន ផ្សព្វផ្សាយព័ត៌មានមិនពិតនាំ ឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រាន ឱ្យស្ថានការណ៍ រឹតតែតានតឹង។
ក្រសួងការពារជាតិ គូសបញ្ជាក់ថា «សូមអំពាវនាវ ឱ្យបងប្អូនជន រួមជាតិទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភព ច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន ។ ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀស សង្គ្រាមជាយថាហេតុ»៕
