ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឲ្យត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋ ពេលមានគ្រោះទឹកជំនន់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ និងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ។

យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃ៩ មិថុនានេះ បានឲ្យដឹងថា វិធានការដែលត្រូវអនុវត្ត ពេលមានគ្រោះទឹកជំនន់ គឺត្រូវកោះប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ដើម្បីពិនិត្យផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ និងបែងចែកកងកម្លាំងជួយសង្គ្រោះ ដោយផ្អែកលើតំបន់តាមគោលដៅភូមិសាស្ត្រដែលបានកំណត់ថាងាយរងគ្រោះ និងធ្វើការណែនាំអំពីទីតាំងសម្រាប់ជម្លៀសដល់កងកម្លាំងនីមួយៗ ដើម្បីធានាបានថា ប្រតិបត្តិការជួយសង្គ្រោះអាចប្រព្រឹត្តទៅបានទាន់ពេលវេលា។

ក្នុងនោះ ត្រូវណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ឲ្យកំណត់ ទីទួលសុវត្ថិភាព ក្នុងករណីកើតមានគ្រោះទឹកជំនន់ និងជូនដំណឹងដល់ប្រជាពលរដ្ឋបានជ្រាប អំពីទីតាំងទីទួលសុវត្ថិភាពទាំងនោះ។ ណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ ធ្វើការកំណត់អត្តសញ្ញាណគ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងដែលត្រូវការជំនួយសម្រាប់ជម្លៀសទៅកាន់ ទីទួលសុវត្ថិភាពដែលបានកំណត់ធានាឲ្យមានការអន្តរាគមន៍ទាន់ពេលវេលា។

សេចក្តីណែនាំក៏បានគូសបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ត្រូវធ្វើការតាមដានការព្យាករអាកាសធាតុ និងការព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹកម ដើម្បីរៀបចំការណែនាំអំពីដំណោះស្រាយនានា និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម រយៈប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងបណ្តាញព័ត៌មាននានានៅក្នុងរាជធានី ខេត្ត។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយពីប្រការគួរយល់ដឹង ប្រការគួរធ្វើ ដើម្បីក្រុមគ្រួសារមានសុវត្ថិភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមជនងាយរងគ្រោះ ដូចជា ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនមានពិការភាព អ្នកជំងឺរាំរ៉ៃ និងកុមារតូចៗ៕

To Top