ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដល់អនុសាសន៍គន្លឹះ ៧ចំណុច ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលទើបប្រកាសចូលកាន់តំណែងថ្មី

ភ្នំពេញ៖ ដើម្បីជាត្រីវិស័យច្បាស់លាស់ ក្នុងការបំពេញតួនាទី ភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានផ្ដល់អនុសាសន៍គន្លឹះ ៧ចំណុច ដល់ លោក តាន់ វាសនា ដែលទើបប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។

អនុសាសន៍គន្លឹះ ៧ចំណុចរួមមាន៖

១. ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយមានចក្ខុវិស័យ គោលដៅ យុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួនាទី និងភារកិច្ចរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសអនុវត្តតាមអនុសាសន៍របស់ អភិបាលខេត្ត
២.ត្រូវស្វែងយល់បានច្បាស់លាស់នូវតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព ប្រកដោយឆន្ទៈមុះមុត ស្រមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍”
៣.ត្រូវចេះលើកចិត្ត ដល់មន្ត្រីក្រោមឱវាទនៅក្នុងមន្ទីរ ឱ្យចូលរួមនូវរាល់សកម្មភាពការងារ ដោយឈរលើគុណវុឌ្ឍិ និងបទពិសោធន៍ របស់បុគ្គលជាចម្បង
៤. ត្រូវក្តាប់ឱ្យបាននូវទិន្នន័យ ប្រជាសាស្ត្រ ភូមិសាស្ត្រ សមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍ជនបទរបស់ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ
៥. ខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទនៅទូទាំងខេត្តឱ្យសម្រេចបានជោគជ័យ ស្របតាមគោលការណ៍ “អ្នកដែលមានសត្រូវរួម ឬសមរភូមិរួមរបស់យើង គឺជាមិត្តរបស់យើង”
៦. ត្រូវធ្វើជាសេនាធិការបច្ចេកទេសដ៏ល្អ ជាមួយរដ្ឋបាលខេត្ត និងលើកម្ពស់កិច្ចសហការល្អជាមួយអង្គភាព/មន្ទីរជំនាញនានា ជុំវិញខេត្ត ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងទទួលបានការគាំទ្រពីប្រជាជន ដោយកុំសួរថាតើជាតិត្រូវជួយអ្វីខ្លះដល់យើង ប៉ុន្តែត្រូវមានជំហរថា តើយើងអាចធ្វើបានអ្វីខ្លះជូនជាតិ ព្រមទាំងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ គឺ “មន្ដ្រីគឺជាអ្នកបម្រើដ៏ល្អនិងស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ” ។
៧. ត្រូវចេះដឹងគុណថ្នាក់ដឹកនាំជំនាន់មុនៗ និងថែរក្សាសមិទ្ធផលពីមុនឱ្យបានគង់វង្ស ព្រមទាំងត្រូវចេះថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដើម្បីបង្កើនភាពរឹងមាំ និងប្រសិទ្ធភាពរបស់អង្គភាពសំដៅឆ្លើយតបនឹងភារកិច្ចដែលគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាក្រសួងប្រគល់ជូន ដោយមិនត្រូវដណ្ដើមស្នាដៃតែម្នាក់ឯង ឬ “កើតជំងឺតួឯក”ឡើយ។

ក្នុងឱកាសនេះ លោក តាន់ វាសនា បានប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំង កាយចិត្ត បំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការបច្ចេកទេសប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ធំ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត

To Top