ព័ត៌មានជាតិ

ព្រះពុទ្ធបដិមា កសាងអំពីស្ព័ន និងលោហៈធាតុទម្ងន់ ៩តោន និងកម្ពស់៩ម៉ែត្រ ដ៏ធំស្គឹមស្គៃ នឹងត្រូវដាក់តម្កល់ ចំកណ្តាល អាកាសយានដ្ឋាន អន្តរជាតិតេជោ

ភ្នំពេញ៖ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយ នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានយាងប្រារព្ធពិធី “សិតព្រះពុទ្ធបដិមា” សម្រាប់តម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរព របស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ ។

ពិធី “សិតព្រះពុទ្ធបដិមា” នេះ តបតាមការយាងនិមន្តរបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងមានការអញ្ជើញចូលរួមរបស់ លោកស្រី លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និង លោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ។

បើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បាឱ្យដឹងថា ព្រះពុទ្ធបដិមា-ក នេះមានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។ បន្ថែមពីនេះ គឺដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវ ដែលឆ្លងកាត់ព្រលានយន្តហោះទាំងអស់ ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមទៀតថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើ នៅព្រលានយន្តហោះនេះ គឺរំពឹងថា នៅក្នុងរាល់រចនាបថ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ គឺដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា ។

សូមជំរាបជូនថា ក្រៅពីព្រះពុទ្ធបដិមានេះ ក៏នឹងមានដាក់តាំងបន្ថែម អំពីរូបចម្លាក់រចនាបទ បែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ដែលភាគច្រើននាំមកពីខេត្តសៀមរាប។

សូមបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា និងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្ត ហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំ ចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១ ៕

To Top