តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយហៅវាថាជា “កម្រិតទាបថ្មី” សម្រាប់គោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ។
ដោយសរសេរនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Baghaei បានប្រតិកម្មទៅនឹងសេចក្តីប្រកាស របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ស្តីពីការដាក់ទណ្ឌកម្មប្រឆាំង នឹងចៅក្រម ICC ចំនួន ៤រូប ។ ចំណាត់ការនេះបានធ្វើឡើង នៅក្នុងការសងសឹក ចំពោះការចេញដីកា ចាប់ខ្លួន របស់តុលាការអ៊ីស្រាអែល សម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងការសម្រេចចិត្ត កន្លងមក ក្នុងការបើកសំណុំរឿងមួយ ចូលទៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ ដោយទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Baghaei បានលើកឡើងថា សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្ម និងបៀតបៀនចៅក្រម និងបុគ្គលិករបស់ ICC សម្រាប់ការកាន់អំណាចតុលាការ របស់ពួកគេ គឺជាកម្រិតទាបថ្មីមួយ សូម្បីតែប្រព័ន្ធដែលញៀនយ៉ាងធ្ងន់ធ្ងរ ចំពោះការជំរុញគោលនយោបាយ ការបរទេសរបស់ខ្លួន តាមរយៈការបង្ខិតបង្ខំ និងការគំរាមកំហែងក៏ដោយ។
លោកបានអះអាងបន្ថែមទៀតថា សហរដ្ឋអាមេរិកនៅតែបន្តបំពានអំណាចរបស់ខ្លួន ដោយភ្ជាប់វាទៅនឹងការបោះឆ្នោតរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងបញ្ឈប់ “អំពើប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សា។
លោក Baghaei បានបន្ថែមថា ការដាក់ទណ្ឌកម្មរបស់ចៅក្រម ICC បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា “អ្នកសមគំនិតដ៏យូរអង្វែង និងជាប់លាប់បំផុត” នៅក្នុង “ឧក្រិដ្ឋកម្មអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកបានជំរុញសហគមន៍អន្តរជាតិ ឲ្យប្រឆាំងនឹង «ភាពព្រៃផ្សៃ ដែលកំពុងអង្រួនច្បាប់អន្តរជាតិ និងមិនដោះស្រាយគោលការណ៍ មូលដ្ឋាននៃមនុស្សជាតិ» ៕
ប្រែសម្រួល ឈូក បូរ៉ា
