មូស្គូ៖ ជំនួយការប្រធានាធិបតីរុស្ស៊ីលោក Nikolai Patrushev បានឧ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែមិថុនា នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការអភិវឌ្ឍកងទ័ពជើងទឹករុស្ស៊ី រហូតដល់ឆ្នាំ ២០៥០។
លោក Patrushev ដែលជាប្រធានក្រុមប្រឹក្សាដែនសមុទ្រត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Arguments and Facts បានឧ្យដឹងថា “នៅក្នុងយុទ្ធសាស្រ្តនេះ ស្ថានភាព និងសមត្ថភាពបច្ចុប្បន្នរបស់កងទ័ពជើងទឹកត្រូវបានវាយតម្លៃដោយពន្លឺ នៃបទពិសោធន៍ប្រតិបត្តិការដែលទទួលបានក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស” ។
លោកបានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកដ៏មានឥទ្ធិពល និងទំនើបមិនអាចអភិវឌ្ឍបានឡើយ បើគ្មានការយល់ដឹងយូរអង្វែងអំពីបរិយាកាសដែនសមុទ្រសកល ការវិវត្តនៃការគំរាមកំហែងផ្នែកយោធា និងកំណត់គោលដៅជាតិយ៉ាងច្បាស់។
ឯកសារដែលលោក ពូទីន បានអនុម័តកាលពីថ្ងៃទី៣០ ឧសភា រួមមានការវិភាគអំពីស្ថានភាពនយោបាយ-យោធាអន្តរជាតិ សេណារីយ៉ូសក្តានុពល សម្រាប់ជម្លោះប្រដាប់អាវុធ និងសមត្ថភាពកងទ័ពជើងទឹករបស់មហាអំណាចធំៗ។
វាកំណត់គោលដៅយុទ្ធសាស្ត្រសម្រាប់កងកម្លាំងជើងទឹករបស់រុស្ស៊ី ទាំងក្នុងសម័យសន្តិភាព និងសម័យសង្គ្រាម ព្រមទាំងប៉ារ៉ាម៉ែត្រសំខាន់ៗសម្រាប់សមាសភាព និងទំនើបកម្មនាពេលអនាគតរបស់កងនាវា៕
ប្រែសម្រួល ឈូក បូរ៉ា
