ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា សង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជា ក្រោយពេលចាកចេញពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុប នឹងនៅតែបន្តធ្វើជាដៃគូជាមួយកម្ពុជា ក្រោយពេលចាកចេញពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។

ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) ចាប់ពីថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពអំពីច្បាប់ស្តីពី ជលផល នាពេលថ្មីៗនេះ។

លោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។ លោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានកោតសរសើរជំហររបស់ប្រទេសកម្ពុជានៅក្នុងសង្គ្រាមអ៊ុយក្រែន និងសង្កត់ធ្ងន់ថា បើសង្គ្រាមកើតឡើងហើយ យើងមិនដឹងថា វានឹងបញ្ចប់នៅពេលណាទេ។

ជាការឆ្លើយតប សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។

តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចបវរធិបតី សង្ឃឹមយ៉ាងមុតមាំថា «សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូ ជាមួយកម្ពុជា ក្រោយពេលចាកចេញពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ»។

ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះមានការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួច ហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះក្នុងខែមិថុនានេះ។ ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ដើម្បីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បើទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយ»។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់ពហុភាគីនិយម។ កម្ពុជាធ្លាប់រងគ្រោះសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ និងយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕

To Top