ព័ត៌មានអន្តរជាតិ

លោក Xi Jinping និងលោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ា ផ្ញើសារទៅវិញទៅមកដើម្បីអបអរសាទរខួប៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងមីយ៉ាន់ម៉ា

នៅថ្ងៃទី៨ ខែមិថុនា ប្រធានរដ្ឋចិន លោក Xi Jinping និងមេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing បានផ្ញើសារទៅវិញទៅមកដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងមីយ៉ាន់ម៉ា ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងមីយ៉ាន់ម៉ាអស់រយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពជាភាតរភាពរវាងប្រទេសចិននិងមីយ៉ាន់ម៉ាឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ។ នៅក្នុងខែឧសភាឆ្នាំនេះ ខ្ញុំបានជួបសន្ទនាជាមួយលោកនៅប្រទេសរុស្ស៊ី ហើយបានឈានដល់គំនិតឯកភាពដ៏សំខាន់លើការជំរុញការកសាងសហគមន៍រួមវាសនាចិន-មីយ៉ាន់ម៉ា។

ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-មីយ៉ាន់ម៉ា ហើយមានឆន្ទៈធ្វើការជាមួយមីយ៉ាន់ម៉ា ចាត់ទុកខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាស ដើម្បីពន្លឿនការបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” រួមគ្នាអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ក្នុងន័យជំរុញការកសាងសហគមន៍រួមវាសនាចិន-មីយ៉ាន់ម៉ានាឱ្យមានភាពកាន់តែស៊ីជម្រៅនិងភាពប្រាកដប្រជា ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោក Min Aung Hlaing បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានគាំទ្រយ៉ាងមុតមាំចំពោះមីយ៉ាន់ម៉ាក្នុងការសម្រេចបាននូវសន្តិភាព ស្ថិរភាព ការផ្សះផ្សាជនជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយរំពឹងទុកថា ពន្លឿនការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យ ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរប្រកបដោយភាពរឹងមាំ ភាពធន់ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

To Top